Breaking News

ចូលរួមដោយសេរី! ទស្សនា​​ភាពយន្ត​ខ្លី​ ដែល​ផលិត​ដោយ​និស្សិត DMC ​កម្ពុជា


​វីដេអូឯកសារខ្លីចំនួន៨រឿង ក្រោមគម្រោងសិក្សាមួយដែលមានឈ្មោះថា Project 3  ដែលជាស្នាដៃផលិតរបស់ក្រុមនិស្សិតកម្ពុជា ឌីអ៊ឹមស៊ី ជំនាន់ទី១៣  នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ នឹងធ្វើការចាក់បញ្ចាំងនៅ​ថ្ងៃ​អង្គារ ទី ២០​ ខែធ្នូ ឆ្នាំ ២០១៦ វេលា​ម៉ោង ៥:៣០ នាទី ល្ងាច។  សិស្សនិស្សិត និងសាធារណជនទូទៅ ទាំងអស់ អាចអញ្ជើញមកចូលរួមទស្សនាដោយមិនគិតថ្លៃ ។



ការចាក់​បញ្ចាំងវីដេអូឯកសារ Project 3 នេះក៏ត្រូវបានធ្វើឡើងស្របពេលនឹងការ​ប្រារព្ធ​អប​អរ​ខួប ១៥ ឆ្នាំ​នៃ​ការ​បង្កើត​ដេប៉ាតឺម៉ង់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​និង​សារគមនាគមន៍ ផងដែរ។

បើតាមសេចក្តីប្រកាសរបស់ ដេប៉ាតឺម៉ង់មួយនេះ ក៏បានឱ្យដឹងផងដែរថា ខ្សែភាពយន្តឯកសារទាំង៨នេះ ត្រូវបានផលិត និង​សម្រិត​សម្រាំង ដោយ ក្រុម​និស្សិត​ថ្នាក់​គ្រប់​គ្រង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ជំនាន់​ទី​១៣ របស់ DMC ក្រោម​ការ​ឧបត្ថម្ភ​ពី​សំណាក់​ទីភ្នាក់ងារ​អភិវឌ្ឍ​អាល្លឺម៉ង់​(GIZ)និង​សេវាកម្ម​ស៊ីវិល​សន្តិភាព​អ៊ឺរ៉ុប(ZFD) ។

គម្រោងមួយនេះ ផ្តោត​ទៅ​លើ​កម្រង​សាច់​រឿង​ដែល​មិន​សូវ​ទទួល​បាន ការ​ផ្តោត​យក​ចិត្ត​ទុក​ដាក់ រាប់​ចាប់​តាំង​ពី​ជីវិត​រស់​នៅ​របស់​មនុស្ស​មាន​ទេពកោសល្យ​ក្នុង​មជ្ឈឹមវ័យ ដែល​ខ្សែ​ជីវិត​ត្រូវ​ឆ្លង​ចូល​មក​កាន់​បរិបទ​ជីវិត​សម័យ​ទំនើប ការ​រស់​នៅ​របស់​អតីត​ទាហាន​ខ្មែរ​ក្រហម ហានិភ័យ​នៃនិរន្តភាពរបស់​សម្បត្តិ​វប្បធម៌​បេតិកភ័ណ្ឌ ក្តី​សង្ឃឹម​ថ្មី​ផ្នែក​អប់រំ​និង​វិទ្យាសាស្រ្ត​របស់​ប្រទេស​កម្ពុជា​។

ចំណង​ជើង​ភាពយន្តឯកសារ​ទាំង​៨ រួម​មាន រឿង« ស្លឹករឹត ជីវិតខ្ញុំ» រឿង «ក្របីបាត់» រឿង «ដីថ្មី» រឿង «ម៉កដេត» រឿង «បង្កើត​ថ្មី​ដើម្បី​ថ្ងៃស្អែក» រឿង «មិនមែន​សម្រាប់​លក់» រឿង «អំបិល​ល្វីង» និង​ រឿង «បុរស​ប៉ាណូ»។ ក្រៅ​ពី​នេះ​ក៏​មាន​ការ​សម្តែង​​ល្ខោន និងចម្រៀង ពីសំណាក់តារាល្បីៗ ផង​ដែរ។

សម្រាប់ពត៌មានបន្ថែមទាក់ទងនឹងកម្មវិធី លោកអ្នកអាចចូលស្វែងរក​ និងសាកសួរបានក្នុងទំព័របណ្តាញសង្គមផ្លូវការ Project 3 នៅខាងក្រោមនេះ
https://www.facebook.com/DMCProject3/?fref=ts




អត្ថបទដោយ៖ ចន ច័ន្ទបូតា
ប្រភព ៖ Department of Media and Communication

No comments