ចេញទៅស្រុកក្រៅលើកទីមួយ គួរត្រៀមអី្វខ្លះ?
នៅពេលរៀបចេញដំណើរទៅបរទេស មិនថាទៅដើរលេង ទៅសិក្សា ឬទៅមើលជំងឺក៏ដោយ អ្នកគួរត្រៀមនូវរបស់និងរឿងចាំបាច់ដែលសំខាន់សម្រាប់ជីវិតនៅទីនោះ។ វត្ថុដែលយើងត្រូវត្រៀមនោះមានមួយចំនួនដូចខាងក្រោម៖
១. ពិនិត្យលិខិតឆ្លងដែននិងទិដ្ឋាការ(Visa)
អ្នកចាំបាច់ត្រូវប្រាកដថាលិខិតឆ្លងដែនរបស់អ្នកនៅមានសុពលភាពយ៉ាងហោចណាស់ប្រាំមួយខែឬមួយឆ្នាំរាប់ចាប់ពីថ្ងៃចេញដំណើរ។ អ្នកក៏ត្រូវដឹងផងដែរថា អ្នកត្រូវការទិដ្ឋាការ(Visa)ដើម្បីចូលទៅក្នុងប្រទេសនោះឬអត់ បើសិនជាអ្នកត្រូវការ អ្នកអាចទាក់ទងភ្នាក់ងារទេសចរណ៍ឬទូត ដើម្បីធ្វើVisa។
២. ស្រាវជ្រាវបន្តិចពីប្រទេសដែលអ្នកគ្រោងនឹងទៅ
ស្រាវជ្រាវនេះគឺមិនមែនស្រាវជ្រាវស៊ីជម្រៅពីប្រវត្តិសាស្រ្តឬស្ថិតិអ្វីនោះទេ គឺគ្រាន់តែព្យាយាមស្វែងរកដោយដឹងថាប្រទេសនោះប្រើប្រាស់រូបិយប័ណ្ណអ្វី ហើយត្រូវដូរប្រភេទប្រាក់នោះឲ្យបានរួចជាស្រេចមុនចេញចំណើរ ប្រជាជននិយាយភាសាអង់គ្លេងឬអត់ មានកន្លែងល្បីៗអ្វីខ្លះដែលអ្នកគួរទៅ(បើសិនជាអ្នកទៅធ្វើដំណើរកំសាន្ត) និងទឹកដីភូមិសាស្ត្របន្តិចបន្តួចអាចឲ្យអ្នករកទីតាំងនានាបាន។
៣. ដឹងពីច្បាប់ទម្លាប់ប្រទេសនោះ
វាពិតជាចំាបាច់ណាស់សម្រាប់អ្នកធ្វើដំណើរទៅក្រៅប្រទេសជាលើកដំបូងក្នុងការស្វែងយល់ពីច្បាប់ដែលនិងអ្វីដែលអ្នកមិនគួរធ្វើមានក្នុងប្រទេសដែលគេចង់ទៅ ដើម្បីជៀសវាងការផាកពិន័យឬជាប់ទោសទណ្ឌផ្សេងៗ។ ជាក់ស្តែងរដ្ឋាភិបាលប្រទេសសឹង្ហបូរីមិនអនុញ្ញាតិឲ្យប្រជាជននិងនរណាម្នាក់ទំពារស្ករកៅស៊ូក្នុងប្រទេសនោះឡើយ ដូច្នេះវាពិតជាល្អបើសិនជាយើងបានដឹងពីច្បាប់នេះមុន ហើយមិនល្មើសច្បាប់។
៤. ពិនិត្យគ្រឿងអេឡិចត្រូនិច
ការស្វែងយល់ពីគ្រឿងអេឡិចត្រូនិចដែលគេប្រើប្រាស់ក្នុងប្រទេសនោះគឺសំខាន់ណាស់ ព្រោះយើងត្រូវការបញ្ចូលថ្មទូរស័ព្វ កុំព្យូទ័រយួរដៃ និងប្រើប្រាស់សម្ភារអគ្គិសនីផ្សេងៗទៀត។ ដូច្នេះអ្នកត្រូវឆែកមើលថាតើប្រទេសដែលអ្នកចង់ទៅនោះប្រើប្រាស់ភ្លើងប៉ុន្មានវ៉ុល ប្រើព្រីភ្លើងប្រភេទអ្វី ដើម្បីអ្នកអាចទិញរបស់ទាំងនោះពីកម្ពុជាត្រៀមទុកស្រាប់។
៥. ឆែកទម្ងន់វ៉ាលីឲ្យបានត្រឹមត្រូវ
អ្នកអាចឆែកជាមួយក្រុមហ៊ុនអាកាសចរណ៍ដែលអ្នកប្រើប្រាស់ពីទំងន់វ៉ាលីដែលអ្នកអាចយកទៅបាន ហើយព្យាយាមរៀបឥវ៉ាន់និងសំលៀកបំពាក់កុំឲ្យលើសគីឡូជៀសវាងការបង់បន្ថែមជាច្រើន៕
សរសេរដោយ ជី បូណ៌មី
ប្រភព Google Image
No comments