Breaking News

រៀន​មិន​ចេះ​មែន​ទេ?​ គន្លឹះ​៣យ៉ាង​នេះ​អាច​ជួយ​បាន​

នៅក្នុងសាលារៀន យើងតែងតែមានមេរៀនសិក្សាជាច្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ ទោះជាយ៉ាងនេះក្តី តើអ្នកដែលចាប់អារម្មណ៍ទេថា យើងដូចជាមិនដែលបានរៀនសោះពីវិធីសាស្រ្តដើម្បីអោយយើងសិក្សាអោយមានប្រសិទ្ធភាព?

ជាក់ស្តែង នេះគឺជាអ្វីដែលខ្ញុំបានឆ្លងកាត់។ នៅពេលដែលខ្ញុំឈានចូលមហាវិទ្យាល័យ ខ្ញុំនៅតែមិនទាន់ដឹងពីរបៀបរៀនដើម្បីអោយខ្ញុំចាប់មេរៀនបានល្អនោះទេ។ យើងតែងតែត្រូវបានគេប្រាប់ថាអោយខំរៀន ប៉ុន្តែខ្ញុំគិតថាបើយើងមិនដឹងពីរបៀបរៀនអោយមានប្រសិទ្ធភាពនោះ យើងនឹងខំដោយមិនបានប្រយោជន៍។ ធម្មតាយើងអាចរៀនអ្វីមួយពូកែ លុះត្រាតែយើងយល់ដឹងពីរបៀបរៀនអោយបានល្អជាមុនសិន។



ថ្មីៗនេះ ខ្ញុំបានអានអត្ថបទដែលនិយាយអំពីវិធីសាស្រ្តសិក្សាងាយស្រួលមួយ ដែលអាចជួយយើងអោយយល់អំពីមុខវិជ្ជាឬប្រធានបទអ្វីមួយអោយបានជ្រៅជ្រះ។ វិធីសាស្រ្តនេះមានឈ្មោះថា the Feynman Technique។ វាត្រូវបានបង្កើតឡើងដោយលោកសាស្រ្តាចារ្យរូបវិទ្យា រីឆាត ហ្វែនមេន (Richard Feynman)។ វិធីសាស្រ្តនេះចែកចេញជា៣ដំណាក់កាល៖ 

១.   ពន្យល់ដូចទៅកាន់កូនក្មេង
ដំបូង យើងត្រូវសរសេរមុខវិជ្ជាដែលយើងចង់សិក្សាលើក្រដាសស ឬសន្លឹកសៀវភៅមួយ។ បន្ទាប់មក យើងចាប់ផ្តើមសរសេរអ្វីដែលយើងដឹងអំពីមុខវិជ្ជានេះ ហាក់បីដូចជាយើងកំពុងពន្យល់វាទៅកាន់កូនក្មេងអាយុ៨ឆ្នាំ។ ដូច្នេះ យើងអាចប្រើប្រាស់បានតែពាក្យសាមញ្ញនិងឃ្លាងាយស្រួលយល់តែប៉ុណ្ណោះ។ 

ការធ្វើបែបនេះ ជម្រុញអោយយើងយល់ដឹងអោយកាន់តែច្បាស់ពីមុខវិជ្ជាដែលយើងកំពុងសិក្សា។ បើយើងមិនអាចពន្យល់ក្នុងលក្ខណៈងាយស្រួលយល់បានទេ វាបញ្ជាក់ថាយើងមិនទាន់យល់បានជ្រៅជ្រះអំពីមុខវិជ្ជានោះឡើយ។ នៅពេលដែលយើងជួបប្រទះករណីដូចនេះ យើងអាចដឹងថាចំណុចណាខ្លះដែលយើងត្រូវទៅសិក្សាម្តងទៀត។ 

២. ទៅសិក្សាម្តងទៀត 
នៅពេលដែលយើងរកឃើញចំណុចដែលយើងមិនទាន់យល់ច្បាស់ហើយ យើងនឹងមានផែនទីមួយបង្ហាញពីចំណុចណាយើងត្រូវទៅសិក្សាម្តងទៀត រហូតយើងអាចពន្យល់វាក្នុងភាសាសាមញ្ញបាន។ នេះហើយគឺជាពេលដែលការសិក្សាពិតចាប់ផ្តើម។ 

ការរកឃើញចំណុចខ្វះខាតរបស់ចំណេះដឹងយើង អាចជួយអោយយើងចៀសវាងពីកំហុសនៅពេលដែលយើងយកចំណេះដឹងនេះទៅអភិវឌ្ឍ។ មិនត្រឹមតែប៉ុណ្ណោះ វាធ្វើអោយយើងមានការដាក់ខ្លួន និងសមត្ថភាពពិត ដែលយើងមិនអួតពីចំណេះដឹងរបស់ខ្លួន នៅពេលដែលជាក់ស្តែង ការយល់ដឹងរបស់យើងពោរពេញទៅដោយចន្លោះ។

៣. រៀបចំ និងធ្វើអោយកាន់តែងាយស្រួលយល់
នៅក្នុងដំណាក់កាលនេះ យើងមើលការពន្យល់របស់យើងឡើងវិញ ក្រែងលយើងបានច្រលំប្រើពាក្យពិបាកដែលយើងបានអានចំ។ បន្ទាប់មក យើងរៀបចំព័ត៌មានអោយមានរបៀបរៀបរយ ហើយអានសំណេរនេះអោយលឺ។ បើយើងស្តាប់ទៅ រកឃើញថាកន្លែងខ្លះនៅតែពិបាកយល់ យើងត្រូវកែប្រែវាបន្ថែមទៀត។ 

ចំណុចបន្ថែមចុងក្រោយដែលអ្នកអាចធ្វើឬមិនធ្វើនោះគឺ អ្នកអាចរកមិត្តភក្តិ ឬក៏ក្មេងអាយុ៨ឆ្នាំតែម្តង ដើម្បីពន្យល់មុខវិជ្ជាដែលអ្នកបានសិក្សានេះ។ បើពួកគេអាចយល់នូវអ្វីដែលពន្យល់បាន អ្នកពិតជាបានយល់មុខវិជ្ជានោះពិតមែនហើយ!

វិធីសាស្រ្តនេះអាចត្រូវចំណាយពេលយូរបន្តិច ប៉ុន្តែបើអ្នកអាចធ្វើវាបាន នោះអ្នកនឹងទទួលបានចំណេះដឹងដ៏សុីជម្រៅមួយដែលអ្នកនឹងមិនងាយភ្លេចបាននោះឡើយ។ 


អត្ថបទដោយ៖ ហេង សុរីតា
ប្រែសម្រួលពី Quartz









No comments