Breaking News

មួយជីវិត​មាន​តែ​មិត្ត​ទាំង ៦​ប្រភេទ​នេះគ្រប់​ល្មម

មិត្តភក្តិគឺជា មនុស្ស ដែលយើងជិតស្និទ្ធជាមួយ បន្ទាប់ពីសមាជិកគ្រួសាររបស់យើង ។ ពួកគេជា អ្នកដែលយើងអាចពឹងពាក់លើយល់អារម្មណ៍យើងចែករំលែកការសប្បាយ និង ទុក្ខសោកផ្សេងៗ​។ ម្យ៉ាងទៀតមិត្តភក្តិនេះហើយជាទីប្រឹក្សា ដែលអាចជួយយកអាសារគ្នាបានទោះក្នុង កាលៈទេសៈណាក៏ពួកគេអាចធ្វើអោយ យើងសើចរហូតចុកពោះបានដែរ។ មានមិត្តច្រើនតែល្អ ហើយម្នាក់ៗមាន ប្រភេទផ្សេងគ្នាទៀតរឹតតែល្អសំរាប់ចំណងមិត្តភាពវ័យក្មេងក្នុងសម័យនេះ ។


Photo credit: hercampus

១ មិត្ត​ដែល​ខុស​គេ

ម្នាក់​ដែល​តែង​អូស​ទាញ​យើង​កុំ​អោយ​នៅសុខ​ស្រួល​ពេក​ ហើយ​ធ្វើ​អី​ប្លែក​ៗ។ ម្នាក់​នេះ​ហើយ​ជា​អ្នក​ដែល​ជួយ​ជំនះ​ភាព​កំសាក​របស់អ្នក​ ហើយ​ស្គាល់​ពិភពខាង​ក្រៅ ​ច្រើ​នជាង​ពេល​ដែល​យើង​ស្គាល់​ម្នាក់​នោះ​ទៀត។​ បើ​មិត្តភាព​នេះរក្សា​បាន​កាន់​តែ​យូរ អ្នក​ទាំង​ពីរ​នឹង​មាន​ផល​កាន់​តែល្អ​ដោយ​ហេតុ​ថា​អ្នក​ទាំង​ពីរ​តែង​ជួយ​បំពេញ​គ្នា​ទៅវិញ​ទៅ​មក។

២មិត្ត​ស្មោះត្រង់​
នរណា​ក៏ដូច​នរណា​ដែរ ពេល​ខ្លះ​ចង់ដឹង​រាល់​រឿង​ពិត​ទាំង​អស់ ​ទោះ​វា​អាក្រក់​ក៏ដោយ ។ បើ​មាន​មិត្ត​ប្រភេទនេះ​ មិន​ចាំ​បាច់​ភ័យ​នោះ​ទេ ព្រោះ​ចរិត​មិត្ត​ប្រភេទ​នេះគឺឃើញ​អី​និយាយហ្នឹង​ មិន​ចូល​ចិត្ត​លាក់​ទុក​នោះទេ ។ ទោះ​បី​ជាការ​ពិត​នោះ​មិន​ល្អ​ស្តាប់​ក្តី​ ល្អ​ស្តាប់​ក្តី ​មិត្ត​នេះមិន​លាក់​ទុក​ទេ ហើយ​គេ​តែង​នៅទីនោះ​ដើម្បីជួយអ្នក​ដើ​រ​អោយ​ផុត​ទុក្ខសោក​ទាំង​នោះ។

៣ មិត្ត​យូរ​ឆ្នាំ
ទោះ​មាន​មិត្ត​ច្រើ​ន​យ៉ាង​ណា ក៏​យូរ​ៗទៅ​មិន​អាច​នៅ​ទាំង​អស់​គ្នា​បាន​ដែរ យ៉ាង​ច្រើ​ន​មាន​តែ​១ ឬ ២​នាក់​ប៉ុណ្ណោះ​ដែរ​អាច​ដើរ​ជាមួយ​នាក់​បាន​យូរ ។ មិត្ត​បែប​នេះ​ដឹង​អ្វីល្អ​ អ្វី​អាក្រក់​សំរាប់​នាក់ហើយ​តែង​លើក​ទឹក​ចិត្ត​គ្រប់​ពេល​ដែល​អ្នក​ត្រូវការ​។ ចំនង​មិត្តភាព​បែប​នេះមិន​ងាយ​រក​ ហើយ​ក៏​មិន​ងាយបែកបាក់​ដែរ។


៤ មិត្តដែល​សំបូរ​រឿង​និយាយ
បន្ទាប់ពីការ​នើយ​ហត់​អស់​រយៈ​ពេល​មួយ​ថ្ងៃ​ ជាពេល​ដែល​អ្នក​ត្រូវការ​មិត្ត​ដែល​ចូលចិត្ត​និយាយ​នៅ​ចិត្ត​ខ្លួនព្រោះ​ម្នាក់​នេះ​មិន​ដែល​ខ្វះ​ដើម​គេ​នឹង​និយាយ​នោះ​ទេ ។ ទោះបីខ្លួន​ឯង​គ្មាន​អ្វី​និយាយ​ក៏​មាន​អារម្មណ៍រីករាយ​ជាង​មុន​ដែរ ម្យ៉ាង​វិញ​ទៀតបើមាន​បញ្ហា​ក្នុង​ចិត្ត​អី មិត្ត​ប្រភេទនេះ​ហើយ ដែល​មិន​ខ្វះដំណោះស្រាយ​សំរាប់​អ្នក។

៥ មិត្តនៅកន្លែង​ធ្វើ​ការ
នៅពេល​ចេញ​ទៅ​ធ្វើ​ការ​មិនដូច​ពេល​នៅរៀន​ មានមិត្តភ័ក្រ្តគ្រប់​កន្លែង​នោះ​ទេ ដែល​​ធ្វើ​អោយ​ងាយ​ទទួល​រង​អារម្មណ៍​ឯកា​ ដូច​នេះ​អ្នក​គួរ​រាប់​អាននរណា​ម្នាក់​ដែល​អ្នក​គិត​ថា​និយាយ​ត្រូវ​គ្នា​ ហើយ​ចុះ​សំរុង​គ្នាល្អ។ ពេល​ខ្លះមាន​ម្នាក់​នៅ​កន្លែង​ធ្វើការ​គ្រាន់​នឹង​និយាយ​គ្នា​លេង​ក៏ជួយ​សំរួល​សម្ពាធការ​ងារ​ដែរ។​​

៦​មិត្ត​ដែល​អ្នក​គូរ​សរសើរ​មិន​ឈប់​
ក្នុង​ចំណោម​មិត្ត​មួយ​ក្រុម​គួរ​ណាតែមាន​មិត្ត​ម្នាក់​ដែល​អាច​ជួយជំរុញ​ទឹកចិត្ត​អ្នក​ក្នុង​ការ​ធ្វើអ្វី​មួយ​ ជាមួយ​នឹង​ការទទួល​ជោគជ័យ​របស់​ពួក​គេ​។ ការ​មើល​គំរូ​តាម​ពួកគេ​អាច​ធ្វើ​អោយ​ អ្នក​មាន​ទឹកចិត្ត​កើន​ឡើង​ក្នុង​ការ​ធ្វើអ្វីមួយ ដែល​អ្នក​មួយ​ចំនួន​ធំចាត់​ទុ​ក​ពួក​គេ​ជាជំនួយ​អរូបី។ យ៉ាងណាមិញ អ្នកនោះ​អាច​ជា​ប្រភព​នៃការ​ខំប្រឹង​ក្នុង​ការ​សិក្សា​ ឬ ការងារ​ផ្សេងៗ​ ក៏ថាបាន។

អត្ថបទដោយ ៖​ ហ៊ុន កែវលីដែត

No comments