Breaking News

ជឿទេថា ឈ្លោះ​គ្នា​កាន់តែ​ច្រើន​ស្រលាញ់​គ្នា​កាន់​តែ​ខ្លាំង​???



គ្មាន​គូស្នេហ៍ណាសុខៗចង់ឈ្លោះគ្នាទេ ហើយ​ក៏​គ្មាន​គូ​ស្នេហ៍​ណា​អាច​ចុះ​សម្រុង​គ្នា​គ្រប់​ពេល​ដែរ​។​  ការឈ្លោះប្រកែក ស្រែកគំហក យកឈ្នះរៀងខ្លួន កើតឡើងព្រោះតែការមិនចេះអត់ធ្មត់។ ពាក្យចាស់ពោលថា ចានក្នុងរាវគង់តែប៉ះគ្នាទេ   ដូច្នេះ ត្រូវចាំថា ស្រលាញ់​គ្នា​ស្ទើរ​លេប​ប៉ុណ្ណា​ក៏​ដោយ បើមិនចេះអត់អោន និង អត់ធ្មត់ទេ ស្នេហា​ក៏​មិន​អាច​គង់វង្ស​បាន​ដែរ​។

កុំចង់យកឈ្នះមនុស្សដែលខ្លួនស្រលាញ់ កុំចង់ក្លាយខ្លួនជាអ្នកត្រូវគ្រប់ពេល ត្រឡប់​ទៅ​គិត​រឿង​ពី​មុន​ ពេលដំបូងដែលស្រលាញ់គ្នា សន្យាអ្វីខ្លះជាមួយគ្នា សាងអ្វីខ្លះមកជាមួយគ្នា មក​ទល់​ពេល​នេះ​មាន​អនុស្សាវរីយ៍​ច្រើន​ប៉ុណ្ណា​។ ដូច្នេះ កុំព្រោះតែការខឹងមួយឆាវ បំផ្លាញទឹកចិត្តគ្នាទៅវិញទៅមក ដែលនឹងធ្វើឲ្យគ្រប់យ៉ាងខុសប្លែកពីមុន។ កុុំគិតថា ស្រលាញ់​គ្នា​ទាល់​តែ​ឈ្លោះ​គ្នា​ខ្លះ​បាន​ស្រលាញ់​គ្នា​ខ្លាំង ទ្រឹស្តី​នេះ​វា​មិនមែន​ចេះ​តែ​ត្រូវ​ចំពោះ​មនុស្ស​គ្រប់​តែ​គ្នា​នោះ​ទេ​។ ត្រូវគិតថា ដែកគោលដែលធ្លាប់ដំចូលទៅក្នុងឈើហើយ ពេលដកមកវិញ ច្បាស់ជាមានប្រហោង កែវ​ដែល​ធ្លាក់​បែក​ហើយ ពេលយកមកផ្គុំ ឬបិទឡើងវិញ ច្បាស់ជាមានស្នាមប្រេះ។ កុំ​ចាំ​ដល់​ពេល​មួយ​ដែល​ស្នាមប្រេះបិទលែងជាប់ ហើយស្រវេស្រវាយកកាវវិទ្យាសាស្រ្ត ឬស្កុតមកបិទសាជាថ្មីអី ព្រោះទោះជាបិទបាន ក៏ប្រើលែងបានដែរ។ មិនខុសគ្នាអីពីស្នេហាដែរ បើ​ប្រេះ​ស្រាំ​ដល់​ដំណាក់កាល​មួយដែលស្រោចស្រង់លែងរួចហើយ នោះគឺត្រូវទទួលស្គាល់ទៅថា ស្នេហារបស់អ្នកទាំងពីរដែលមានឲ្យគ្នាមិនទាន់គ្រប់គ្រាន់នោះទេ។

សូមឲ្យគូស្នេហ៍ដែលកំពុងឈ្លោះ ឬអន់ចិត្តនឹងគ្នាទាំងឡាយ ត្រឡប់ទៅគិតសារឡើងវិញថា តើចាំបាច់ទេដែលត្រូវនាំគ្នាវាយបំបែកជញ្ជាំងដែលអ្នកទាំងពីរខំហត់នឿយសាងមកយ៉ាងរឹងមាំ ឲ្យប្រេះម្តងបន្តិចៗនោះ???

No comments