តើគួរធ្វើយ៉ាងណាដើម្បីឱ្យអ្នកមើលទៅឃើញខ្ពស់ជាងមុន?
បច្ចុប្បន្ននេះ មិនថាមនុស្សស្រីឬប្រុសទេ គឺរមែងចង់អោយខ្លួនមើលទៅមានភាពទាក់ទាញ និងជឿជាក់។ មនុស្សដែលមានរូបរាងខ្ពស់សមល្មម ដែលអ្នកមើលឃើញរាល់ថ្ងៃនោះមិនប្រាកដថា មកពីកត្តាសេនេទិចតែម្យ៉ាងនោះទេ ពួកគេអាចរៀបចំខ្លួនអោយមើលទៅឃើញខ្ពស់បានដោយសារវិធីប៉ុន្មានយ៉ាងតែប៉ុណ្ណោះ។ ខាងក្រោយមនេះគឺជាវិធីអាថ៌កំបាំងងាយៗរបស់ពួកគេ៖
១. ពាក់អាវសាច់ក្រណាត់ដែលមានឆ្នូតបញ្ឍរ៖
គួរតែជៀសវាងជ្រើសទិញសម្លៀកបំពាក់ដែលមានឆ្នូតផ្តេក បើសិនជាអ្នកមានកម្ពស់មិនសូវខ្ពស់។ សម្លៀកបំពាក់ដែលមានឆ្នូតបញ្ឈរអាចធ្វើអោយអ្នកមើលទៅហាក់ដូចជាមានរាងស្តើងជាងមុន និងខ្ពស់មួយកម្រិតទៀត។
២.ជ្រើសរើសពណ៌សម្លៀកបំពាក់៖ ការស្លៀកពាក់ខោអាវដែលមានពណ៌ចម្រុះច្រើន កាន់តែធ្វើអោយអ្នកមើលទៅមានរាងទាប ដូច្នេះហើយអ្នកគួរជ្រើសពាក់សម្លៀកបំពាក់ដែលមានពណ៌ដូចគ្នា ឬស្រដៀងគ្នាទើបជាការប្រសើរ។
៣.ពាក់អាវសាច់ក្រណាត់លាត និងមានឆ្នូតតូចៗ៖ ត្រូវចៀសវាងអាវដែលមានម៉ូតឆ្នូតធំ ឬម៉ូតក្រឡាធំ ព្រោះវានឹងធ្វើអោយអ្នកមើលទៅកាន់តែមានរាងធំជាងមុន ដែលជាហេតុធ្វើអោយកម្ពស់កាន់តែមិនសមស្របនឹងរូបរាង។
៤.ចៀសវាងការពាក់អាវរលុងពេក៖ វាជាការពិតដែលសម្លៀកបំពាក់ដែលមានសភាពរលុង និងធំជាងរូបរាងអាចធ្វើអោយអ្នកមានភាពងាយស្រួល ប៉ុន្តែបើសិនជាអ្នកចង់អោយអ្នកដទៃមើលមកអ្នកឃើញពីភាពខុសប្លែកនោះ អ្នកគួរពិចារណាស្លៀកពាក់ខោអាវដែលសាកសមជាមួយនឹងរាង ធ្វើយ៉ាងណាកុំអោយវាធំជាងខ្លួនអ្នកខ្លាំងពេក ព្រោះវានឹងធ្វើអោយអ្នកមើលទៅឃើញកាន់តែទាបនិងធាត់ជាងមុន។
៥. ប្រុងប្រយ័ត្នចំពោះកាយវិការមួយចំនួន៖ ព្យាយាមអង្គុយ ឬឈរអោយមានសភាពត្រង់ខ្នង បើសិនជាអ្នកអង្គុយកោងខ្នង ភាពត្រង់នៃឆ្អឹងខ្នងនឹងត្រូវចុះខ្សោយ ហើយវាអាចបង្កអោយមានការរោយចុកខ្នងជាញឹកញាប់ក៏ថាបាន ជាងនេះទៅទៀត វាកាន់តែធ្វើអោយរូបរាងរបស់អ្នកមានភាពទាបខ្លី។ ការហាត់ប្រាណអោយបានទៀងទាត់ដូចជា ការហាត់យូហ្កា ចែវទូក ឬរត់ចម្ងាយជាដើម ក៏ជាមធ្យោបាយល្អមួយដើម្បីអោយមានរូបរាងស្អាតផងដែរ។
៦.មានភាពជឿជាក់លើខ្លួនឯង៖ វាត្រឹមត្រូវដែលមនុស្សមានភាពជឿជាក់អាចមើលទៅឃើញខ្ពស់សាកសមស្អាតជាងមនុស្សដែលមានរាងទាបពីធម្មជាតិស្រាប់ ហើយដើរកោងខ្នងគ្មានជំនឿចិត្តនោះ។
៧.កាត់សក់ម៉ូតខ្លីពេញនិយម ឬចងសក់ឡើងលើ៖
វាអាស្រ័យលើចំណង់ចំណូលចិត្តរបស់បុគ្គលម្នាក់ៗសម្រាប់ការលេងម៉ូតសក់ ប៉ុន្តែត្រូវចងចាំថា ការបង្ហាញកញ្ចឹងក ដោយលើកសក់អោយផុតស្រឡះ អាចធ្វើអោយអ្នកមើលទៅឃើញខ្ពស់ជាងមុនបាន។
៨.ប្រើប្រាស់កន្សែងរុំក ឬខ្សែកដែលមានបន្តោកវែងៗ៖ អ្នកអាចជ្រើសរើសប្រើក្រណាត់ ឬកន្សែងបង់កគ្រប់ប្រភេទដែលសមជាមួយពណ៌អាវរបស់អ្នក ហើយរុំអោយចេញម៉ូតនៅខាងមុខ ធ្វើបែបនេះអាចកាន់តែធ្វើអោយអ្នកមានភាពស្រស់ស្អាត សាកសមនឹងរូបរាងផងដែរ។ ជាងនេះទៀត ខ្សែកម៉ូតវែងៗក៏អាចជួយអ្នកក្នុងការអោយមានកម្ពស់ខ្ពស់ បើសិនជាអ្នកមិនចង់រុំកន្សែងនោះ។
អត្ថបទដោយ៖ ចន ច័ន្ទបូតា
ប្រភពអត្ថបទ៖ http://www.wikihow.com/Look-Taller
No comments