Breaking News

ជុំ សន្យា ៖ ខ្ញុំ​ស្រក់​ទឹកភ្នែក​ស្ទើររៀលរាល់​យប់​ទម្រាំ​បង្កើត​បាន​សាលា​ភាសា​កុលសម្ព័ន្ធ

«ខ្ញុំមើលឃើញកូនសិស្សនៅទីនោះលំបាកពេក អញ្ចឹងខ្ញុំក៏បានបេជ្ញាថា សិស្សានុសិស្ស​នៅខេត្តរតនៈគីរីត្រូវតែមានវាសនាទទួលបានការសិក្សាខ្នាតអន្តរជាតិដូចសិស្ស នៅប្រទេសជប៉ុន អាមេរិកាំង និងភំ្នពេញដែរ» នេះជាសម្តីរបស់លោក ជុំ សន្យា ដែលជាស្ថានិកប្រធានក្រុមប្រឹក្សាភិបាលនិងអគ្គនាយកប្រតិបត្តិ កុលសម្ព័ន្ធអប់រំគ្រុប (Tribal Education Group)។


លោក សន្យា បានឲ្យដឹងថា លោកមានស្រុកកំណើតនៅខេត្តរតនៈគីរី ហើយនៅទីនោះគាត់មិនបានទទួលការអប់រំផ្នែកភាសាបានល្អគ្រប់គ្រាន់នោះទេ ដូចនេះគាត់បានតាំងចិត្តថាថ្ងៃណាមួយគាត់នឹងបើកសាលាភាសានៅស្រុកកំណើតរបស់គាត់ ដើម្បីឲ្យសិស្សនៅទីនោះមានគ្រឹះរឹងមាំសម្រាប់បន្តការសិក្សានៅសាកលវិទ្យាល័យ ក៏ដូចជាការដាក់អាហារូបករណ៍ផ្សេងៗ។

សន្យា បន្តទៀតថា៖ «​បើខ្ញុំមិនមកតើមានអ្នកណា​ខ្លះនៅក្នុងប្រទេសខ្មែរនឹង​មកខេត្តរតនៈគីរីដើម្បីផ្តល់វាសនានិងការអប់រំខ្នាតអន្តរជាតិដល់កូនសិស្សនៅទីនេះ ដូច្នេះខ្ញុំសុខចិត្តបោះបង់តំណែង តួនាទីដើម្បីមកជួយកូនសិស្សនៅទីនេះ។»
ដូចនេះហើយនៅថ្ងៃ ទី១២ ខែឧសភា ឆ្នាំ២០១៥ លោក ជុំ សន្យា ដែលជាអតីតនិស្សិត​ផ្នែកច្បាប់នៅសកលវិទ្យាល័យកម្ពុជា​ ហើយសព្វថ្ងៃលោកជាបេក្ខជនបណ្ឌិតនៅសាកលវិទ្យាល័យ វ៉ាសេដា (Waseda University) នៅទីក្រុងតូក្យូប្រទេសជប៉ុនផងដែរនោះ​ បានបើកសម្ភោធន៍សាលា​ភាសាកុលសម្ព័ន្ធនៅខេត្តរតនៈគីរីជាផ្លូវការ។

គួរបញ្ជាក់ផងដែរថា សន្យា ធ្លាប់ជា​សាស្រ្តាចារ្យក៏ដូច​ជាក្រុមប្រឹក្សាភិបាល​និងជាអនុប្រធាន​ជាន់ខ្ពស់ផ្នែកសិក្សាស្រាវជ្រាវ(Research) នៅក្រុមហ៊ុនឯកជនមួយ។ លោកបានបន្ថែមទៀតថា សាលាភាសាកុលសម្ព័ន្ធ នេះត្រូវបានបង្កើត​ឡើងដោយខ្លូនលោក​និងដោយសារការជំរុញ​ទឹកចិត្តពីគ្រួសារផ្ទាល់ ហើយក៏មិនបានទទួលជាថវិកាឧបត្ថម្ភពីខាងណាដែរ។

ឆ្លើយតបទៅនឹងសំនួរថា តើសាលាកុលសម្ព័ន្ធនេះបានសំរេចសមិទ្ធិផលអ្វីខ្លះហើយ? លោក ជុំ សន្យា បាននិយាយថា មកដល់ពេលនេះពួកគាត់បាន​ធ្វើឲ្យអាណាព្យាបាលរីករាយ​និងមានទំនុក​ចិត្តលើការអប់រំរបស់ពួកគាត់ជាខ្លាំង។

សន្យា បន្តទាំងរីករាយថា៖ «អ្វីដែលធ្វើឲ្យខ្ញុំសប្បាយចិត្តខ្លាំង គឺយើងបាន​បង្កើតការងារ​ឲ្យអ្នកខេត្តនិងអ្នកភំ្នពេញ សរុបជិត៨០នាក់ហើយ»។ លើសពីនេះទៅទៀត បើយោងតាម លោក សន្យា សាលាកុលសម្ព័ន្ធ បានធ្វើឲ្យសិស្សានុសិស្សនៅរតនៈគីរីមាន​វាសនាទទួលបាន​ការអប់រំខ្នាតអន្តរជាតិ ដែលមិនធ្លាប់មានពីមុនមកនៅទីនោះ។ សន្យាបានបន្ថែមទៀតថា សាលាភាសាកុលសម្ព័ន្ធ ក៏មានការផ្តល់ជាអាហារូបករណ៍ខ្លះៗដល់សិស្សក្រីក្រ ហើយ​សាលា​ថែមទាំងមានអាហារូបករណ៍មួយរយភាគរយដល់សិស្សជនជាតិភាគតិច និងសិស្សពួកែផងដែរ។

សំខាន់ជាងនេះទៅទៀត វត្តមានរបស់ សាលាកុលសម្ព័ន្ធ បានជួយ​សំរួលដល់ការ​សិក្សារបស់​សិស្ស​យ៉ាងច្រើន ព្រោះកូនសិស្សមិនចាំបាច់ចាកចេញពីខេត្ត ដើម្បីទៅបន្តការ​សិក្សាភាសា​បរទេសនៅភ្នំពេញនោះទេ។

សមិទ្ធផលទាំងនេះមិនមែនបានមកដោយងាយស្រួលនោះទេ ព្រោះ សន្យា បានឲ្យដឹងថា មុនពេលសាលាឈានមកដល់ថ្ងៃនេះ លោកបានជួបប្រទះការលំបាកជាច្រើន ហើយ​លោកបានប្រាប់ថា៖​ «ខ្ញុំមិនចង់និយាយពីផលលំបាកទេ ហេតុផល​គឺវាធ្វើឲ្យខ្ញុំស្រក់​ទឹកភ្នែក​ជារាងរាល់យប់»។ លោកបន្តថា ពេលដែលបើកសាលានេះ ដំបូង បុគ្គលិកខ្វះ​ទំនុកចិត្ត​លើគាត់ «គាត់រកតែរត់ចោលខ្ញុំទេ ហើយនិងសុំឈប់ធ្វើការ នេះដោយសារ​តែខ្ញុំ​អត់បាន​នៅសាលាទៀងទាត់ ហើយរវល់ខ្លាំងណាស់នៅពេលនោះ គេហៅថា សេដ្ឋីរវល់»។

ទោះជាយ៉ាងនេះក្តី សន្យា នៅតែព្យាយាម ដោះស្រាយ​បញ្ហាទាំងនេះតាម​រយៈយុទ្ធសាស្រ្តជា​ច្រើនដូចជាការប្រើប្រាស់ចិត្តវិទ្យានិងទ្រឹស្តីផ្សេងៗ ការធ្វើជាគំរូល្អដល់បុគ្គលិក។ គាត់បានបញ្ជាក់ថា «ខ្ញុំព្យាយាមធ្វើការងារគ្រប់ផ្នែក ជាឧទាហរណ៍​ ខ្ញុំធ្វើជាអ្នកសំអាតផង អ្នករើសសំរាមផង អ្នកទទួលភ្ញៀវផង អ្នកជីកដីផង អ្នកយាមទ្វារផង គ្រូបង្រៀនផង ថា្នក់ដឹកនាំផង ហើយមានច្រើនណាស់ដែលរៀបរាប់មិនអស់ទេ»។

លើសពីនេះទៅទៀត គាត់បានឲ្យដឹងថា​ គាត់សុខចិត្តដើរតួល្អផង​អាក្រក់ផងដើម្បីដោះស្រាយ​និងណែនាំបុគ្គលិកដែលមានអត្តចរិតផ្សេងៗគ្នា។

បញ្ហាមួយទៀតដែល សន្យា ជួបប្រទះគឺបញ្ហាថវិកា ព្រោះលោកថា ពេលចាប់ផ្តើម​ដំបូងគឺជួបបញ្ហាខ្វះមុខខ្វះក្រោយច្រើនណាស់ ដូច្នេះហើយលោក​ត្រូវតែប្រឺងប្រែងព្យាយាម​ខ្លាំងណាស់​ដើម្បី​ដោះបំណុល។ សំខាន់​ជាងនេះទៅទៀត លោកបន្តថា ពេល​សាលា​ទើបចាប់ដំណើរ​ការនោះ លោកត្រូវចំណាយពេលធ្វើការពី ១៣ទៅ១៦ ម៉ោងក្នុងមួយថ្ងៃ ស្របពេលដែលលោកត្រូវចំណាយពេលបន្ថែម ប៉ុន្មានម៉ោងទៀតដើម្បីសរសេរ និក្ខេបបទ បញ្ចប់ថ្នាក់បណ្ឌិតរបស់គាត់។

​ទោះជាជួបប្រទះឧបសគ្គនិងផលលំបាកយ៉ាងណាក៏ដោយ លោក ជុំ សន្យា នៅតែ​ព្យាយាម​ពុះពារ​រហូតសំរេចបានសមិទ្ធផលដូចដែលបានរៀបរាប់ខាងលើ។ លើសពីនេះទៅទៀត លោក​ថែមទាំង​មានគំរោង បង្កើតសាកលវិទ្យាល័យដែលផ្តល់ជំនាញកសិកម្មជូនអ្នកខេត្ត និងបង្កើត​សាខា​នៅក្នុង​ទីរូមខេត្ត ស្ទឹងត្រែង និងមណ្ឌលគីរី ដើម្បីឲ្យបងប្អូន​ជនជាតិទទួល​បានការ​អប់រំខា្នត​អន្តរជាតិ​ដូចអ្នកដទៃ៕


អត្ថបទដោយ៖ ជី បូណ៌មី

No comments