ជីវប្រវត្តិសង្ខេបរបស់ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte
លោកRodrigo Duterte ដែលជាប្រធានាធិបតីសព្វថ្ងៃនៃប្រទេស ហ្វីលីពីនបានកើតនៅថ្ងៃ ទី ២៨ខែមិនាឆ្នាំ ១៩៤៥ ក្នុងតំបន់ Maasin ប្រទេសហ្វីលីពីន។ ស្ថិតក្នុងចំណោមបងប្អូន ៥នាក់ លោក Rodrigo Duterteជាកូនទី២ដែលមានឪពុកឈ្មោះ Vcente G. Duterte ដែលមានមុខរបរជាមេធាវី និងម្ដាយឈ្មោះ Soledadដែលមានមុខងារជាគ្រូបង្រៀន។
Photo crdit: Forbes |
ប្រវត្តិសិក្សារបស់លោក Rodrigo Duterte
លោក Rodrigo Duterteបានចាប់ផ្ដើមការសិក្សាដំបូងក្នុងសាលាបឋមសិក្សា Laboon ក្នុងតំបន់ Maasin។ ប៉ុន្តែលោកបានសិក្សានៅទីនោះបានត្រឹមតែរយៈពេល ១ឆ្នាំប៉ុណ្ណោះ ដោយគ្រួសាររបស់លោកត្រូវប្តូរទីលំនៅទៅរស់នៅក្នុងទីក្រុងDavao។ បន្ទាប់មកលោក Rodrigo Duterteក៏បានចូលរៀននៅក្នុងសាលាបឋមសិក្សា Santa Ana ហើយបានបញ្ចប់ការសិក្សាពីទីនោះក្នុងឆ្នាំ ១៩៥៦។
ឈានចូលដល់ថ្នាក់វិទ្យាល័យ ជិវិតការសិក្សារបស់លោកមិនបានដើរទៅដោយរលូននោះទេ ដោយសារតែគាត់ត្រូវបានគេបណ្ដេញចេញពីសាលាចំនួន ២ដងដោយសារតែអត្តចរិកមិនចេះគោរពវិន័យរបស់លោក។ ក្រោយមកលោកបានចូលរៀនបន្តនិងបញ្ចប់ការសិក្សានៅវិទ្យាល័យ Departmentក្នុងតំបន់ Digosនិងបញ្ចប់ការសិក្សានៅទីនោះ។ ការបណ្ដេញលោក Rodrigo Duterteចេញពីសាលានេះមិនមែនដោយសារតែគាត់ជាសិស្សមិនល្អនោះទេ ប៉ុន្តែដោយសារតែគាត់ចូលចិត្តដើរលេងជាមួយក្រុមក្មេងពាលដែលមានចរិកហិង្សា ហើយវាបានធ្វើឲ្យលោក Rodrigo Duterteមានសមត្ថភាពខាងដោះស្រាយបញ្ហាពិបាកៗជាច្រើនក្នុងទីក្រុង។
បន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ លោក Rodrigo Duterteបានបន្តការសិក្សាថ្នាក់មហាវិទ្យាល័យនិងទទួលបានសញ្ញាប័ត្រផ្នែក វិទ្យាសាស្រ្តនយោបាយក្នុងឆ្នាំ ១៩៦៨។ បន្ទាប់មកទៀតលោក Rodrigo Duterteបានចូលរៀនបន្តក្នុងមហាវិទ្យាល័យច្បាប់និងបញ្ចប់ការសិក្សាក្នុងឆ្នាំ ១៩៧២។
អាជីពរបស់លោក Rodrigo Duterte
លោក Rodrigo Duterteបានចាប់ផ្ដើមអាជីពរបស់លោកក្នុងទីក្រុង Davaoផ្ទាល់តែម្ដង។ ឆ្នាំ ១៩៧៧លោកបានក្លាយទៅជាមេធាវីពិសេសនៅការិយាល័យអយ្យការទីក្រុងនិងបានបម្រើការងាររហូតដល់ឆ្នាំ ១៩៧៩។ ចាប់ពីឆ្នាំ ១៩៧៩រហូតដល់ឆ្នាំ ១៩៨១លោកបានក្លាយខ្លួនជាជំនួយការទី៤នៃព្រះរាជអាជ្ញាទីក្រុង។ ក្រោយមកទៀតនៅឆ្នាំ ១៩៨១ ដល់ឆ្នាំ ១៩៨៣លោកបានក្លាយជាជំនួយការទី៣ ហើយនៅឆ្នាំ ១៩៨៣ដល់ឆ្នាំ ១៩៨៦លោកបានក្លាយជាជំនួយការទី៤នៃព្រះរាជអាជ្ញា។ ក្នុងឆ្នាំ ១៩៨៦ដដែលនេះ បន្ទាប់ពីរដ្ឋាភិបាលផ្ដាច់ការនៃ Ferdinand Marcos បានបញ្ចប់លោកRodrigo Duterteត្រូវបានគេជ្រើសរើសឲ្យធ្វើជា អភិបាលរងមន្រ្តីទទួលបន្ទុកសម្រាប់ទីក្រុង Davao។ ឆ្នាំ ១៩៨៨លោក Rodrigo Duterteបានចូលរួមប្រកួតក្នុងការជ្រើសរើសចៅហ្វាយក្រុង Davao ហើយគាត់ក៏បានឈ្នះក្នុងការបោះឆ្នោតជ្រើសរើសនោះ។ លើសពីនេះលោកបានឈ្នះក្នុងដំណែងជាចៅហ្វាយក្រុងនេះ ចំនួន២អណត្តិក្រោយទៀតជាប់ៗគ្នារហូតឆ្នាំ ១៩៩៨។
ក្រោយមកទៀតក្នុងការបោះឆ្នោតជ្រើសរើសចៅហ្វាយក្រុងឆ្នាំ ១៩៩៨ លោកRodrigo Duterteមិនបានចូលរួមនោះទេដោយសារតែច្បាប់ប្រទេសហ្វីលីពីនបានកំណត់មិនឲ្យឈរឈ្មោះជាប់គ្នាច្រើនជាង ៣អណត្តិឡើយ។ បន្ទាប់មកទៀតក្នុងឆ្នាំ ១៩៩៨ រហូតដល់ឆ្នាំ ២០០១លោកបានក្លាយទៅជា សមាជិកសភាក្នុងស្រុកទី១នៃទីក្រុង Davao។
ឈានចូលដល់ឆ្នាំ ២០០១ លោកបានចូលរួមឈរឈ្មោះជាចៅហ្វាយក្រុងម្ដងទៀត ហើយលោកបានឈ្នះចំនួន ៣អាណត្តិជាប់ៗគ្នាទៀតរហូតដល់ឆ្នាំ ២០១០ហើយគាត់បានសម្រេចសមិទ្ធផលសំខាន់ៗជាច្រើនក្នុងគ្រប់គ្រងរបស់គាត់ដោយក្នុងនោះមានដូចជា ការកម្ចាត់គ្រឿងញៀន ការបង្កើតច្បាប់ប្រឆាំងការជក់បារី ការហាមឃាត់ការលក់ ការបម្រើ ការប្រើប្រាស់គ្រឿងស្រវឹងចាប់ពីម៉ោង ១:០០ព្រឹករហូតដល់ម៉ោង ៨:០០ព្រឹក។ បន្ថែមពីនេះលោក Rodrigo Duterteក៏បានបង្កើតសេចក្ដីព្រាងច្បាប់សិទ្ធិស្រ្តីដែលមានគោលបំណងលុបបំបាត់ការរើសអើងចំពោះស្រ្តី និងលើកស្ទួយសិទ្ធិរបស់ពួគគេផងដែរ។
បន្ទាប់ពីមានមុខងារជាចៅហ្វាយក្រុងចំនួន៣អណត្តិជាប់គ្នានោះ លោកមិនអាចឈរឈ្មោះបានទៀតទេក្នុងការបោះឆ្នោតឆ្នាំ ២០១០។ ប៉ុន្តែលោកបានក្លាយទៅជាអនុប្រធានខណៈអ្នកស្រី Sara Duterte-Carpioដែលជាកូនស្រីបង្កើតរបស់លោកជាចៅហ្វាយក្រុង។ ដល់ឆ្នាំ ២០១៣លោក Rodrigo Duterteបានជាប់ជាចៅហ្វាយក្រុងម្ដងទៀតដោយគាត់បន្តធ្វើការដើម្បីឲ្យទីក្រុងរបស់គាត់មិនមានបទល្មើសនានាកើតឡើង។ ចុងក្រោយលោក Rodrigo Duterteបានក្លាយជាប្រធានាធិបតីនៃប្រទេសហ្វីលីពីនទាំងមូល បន្ទាប់ពីឈ្នះក្នុងការបោះឆ្នោតដែលធ្វើឡើងកាលពីថ្ងៃទី៩ខែឧសភាឆ្នាំ ២០១៦កន្លងទៅ។
អត្ថបទដោយ៖ ប៉ោ គីមហុក
ប្រភពអត្ថបទ៖ THEFAMOUSPEOPLE
No comments