មូលហេតុយើងអាចមើលឃើញពណ៌ខុសៗគ្នា
ស្រមៃថាអ្នកកំពុងសម្លឹងមើលផ្លែប៉ោមមួយ។ ភាគច្រើន អ្នកនឹងនិយាយថាវាមានពណ៌ក្រហម។ ប៉ុន្តែ‹‹ពណ៌ក្រហម›› មិនមែនជាផ្នែកមួយស្ថិតស្ថេររបស់ផ្លែប៉ោមនោះទេ។ ពណ៌របស់វាអាស្រ័យទៅលើពន្លឺដែលជះទៅលើវា និងកោសិកាកោនដែលយើងមានក្នុងភ្នែករបស់យើង។ ដូច្នេះពណ៌ក្រហម កើតមានឡើងតែនៅក្នុងក្បាលយើងតែប៉ុណ្ណោះ។ អញ្ចឹង ពេលដែលយើងហៅផ្លែប៉ោមពណ៌ក្រហម ឬមេឃពណ៌ខៀវ តើយើងប្រាកដទេថាយើងកំពុងឃើញពណ៌ដូចគ្នា? ចុុះបើយើងគ្រាន់តែរៀនហៅពណ៌ដែលយើងឃើញ តាមឈ្មោះដូចគ្នា?
ពន្លឺមកដល់ភ្នែករបស់យើងក្នុងលក្ខណៈជារលក។ ពន្លឺព្រះអាទិត្យបង្កឡើងពីរលកដែលមានប្រេកង់ (ចំនួនរលកក្នុងមួយវិនាទី) ផ្សេងៗ ដែលរលកទាំងអស់នេះ គេហៅថាកម្រិតវិទ្យុសកម្មអេឡិចត្រូម៉ាញេទិច (Electromagnetic Radiation Spectrum)។ កែវភ្នែកមនុស្សយើងអាចរួសនឹងរលកដែលមានប្រេកង់ចាប់ពី 4 x 1014 Hz ដល់ 8 x 1014 Hz។ រលកពណ៌ក្រហមមានប្រេកង់ទាបបំផុត ចំណែកឯរលកពណ៌ស្វាយមានប្រេកង់ខ្ពស់បំផុត។ រលកពណ៌ទាំងអស់ផ្គុំចូលគ្នា យើងមើលទៅឃើញពណ៌ស។
(Credit: BBC Future) |
ពន្លឺមកដល់ភ្នែករបស់យើងក្នុងលក្ខណៈជារលក។ ពន្លឺព្រះអាទិត្យបង្កឡើងពីរលកដែលមានប្រេកង់ (ចំនួនរលកក្នុងមួយវិនាទី) ផ្សេងៗ ដែលរលកទាំងអស់នេះ គេហៅថាកម្រិតវិទ្យុសកម្មអេឡិចត្រូម៉ាញេទិច (Electromagnetic Radiation Spectrum)។ កែវភ្នែកមនុស្សយើងអាចរួសនឹងរលកដែលមានប្រេកង់ចាប់ពី 4 x 1014 Hz ដល់ 8 x 1014 Hz។ រលកពណ៌ក្រហមមានប្រេកង់ទាបបំផុត ចំណែកឯរលកពណ៌ស្វាយមានប្រេកង់ខ្ពស់បំផុត។ រលកពណ៌ទាំងអស់ផ្គុំចូលគ្នា យើងមើលទៅឃើញពណ៌ស។
រេទីន ស្រទាប់ក្នុងបង្អស់របស់គ្រាប់ភ្នែកយើង ពោរពេញទៅដោយកោសិការួសនឹងពន្លឺ ដែលចែកចេញជាពីរគឺ កោសិកាកោន និង កោសិកាដំបង។ កោសិកាកោនចែកចេញជាបីប្រភេទទៀត ដែលរួសបំផុតទៅនឹងរលកពណ៌ក្រហម បៃតង និង ខៀវ។ ចំណែកឯ កោសិកាដំបងបណ្តាលអោយយើងអាចដឹងថានៅជុំវិញខ្លួនយើងកំពុងតែភ្លឺឬងងឹត ព្រមទាំងអាចអោយយើងមើលឃើញរូបរាងនិងចលនាផងដែរ។ ដូច្នេះកោសិកាដំបងល្អសម្រាប់ពេលយប់ ដោយវាមិនត្រូវការពន្លឺច្រើនដូចកោសិកាកោនឡើយ។ នៅពេលដែលកោសិកាទាំងពីរមានប្រតិកម្មជាមួយនឹងរលកពណ៌ វានឹងបញ្ជូនពត៌មានតាមសរសៃប្រសាទទៅកាន់ខួរក្បាល ដើម្បីបំលែងព័ត៌មាននេះទៅជាពណ៌ដែលយើងមើលឃើញ។
ទីតាំងរេទីននិងកោសិការួសនឹងពន្លឺ (Credit: ក្រសួងអប់រំយុវជននិងកីឡា)
អ្នកវិទ្យាសាស្រ្តបានរកឃើញមកហើយថា ការមើលពណ៌ខុសគ្នាកើតមានឡើង។ ករណីទី១គឺការ‹‹ខ្វាក់ពណ៌››។ ការខ្វាក់ពណ៌ចែកចេញជា៣ប្រភេទ ប៉ុន្តែប្រភេទដែលមានច្រើនជាងគេបណ្តាលមកពីកង្វះឬដំណើរការមិនប្រក្រតីរបស់កោសិកាកោនដែលរួសនឹងរលកពណ៌ក្រហមឬបៃតង។ អ្នកដែលខ្វាក់ពណ៌ភាគច្រើនជាបុរស ដែលមានក្រូម៉ូសូម XY ដោយសារតែសែនដែលបង្កអោយមានការខ្វាក់ពណ៌ស្ថិតនៅលើក្រូម៉ូសូម X។ ផ្ទុយពីបុរស ស្រ្តីមានក្រូម៉ូសូម XX ហើយបើក្រូម៉ូសូមXមួយផ្ទុកសែននោះ ឯមួយទៀតមានលក្ខណៈធម្មតា គាត់នឹងមិនខ្វាក់ពណ៌នោះឡើយ។ អ្នកដែលមានប្រភេទខ្វាក់ពណ៌បែបនេះអាចមិនដឹងថាខ្លួនឃើញពណ៌ផ្សេងពីអ្នកដទៃឡើយ លុុះត្រាទៅធ្វើតេស្តភ្នែក។
ការមើលឃើញរបស់អ្នកខ្វាក់ពណ៌មានកោសិកាកោនរួសនឹងរលកពណ៌ក្រហមឬបៃតងមិនប្រក្រតី (Credit: We Are Colorblind)
ផ្ទុយមកវិញ គេបានរកឃើញករណីម្យ៉ាងទៀតមានឈ្មោះថា Tetrachromacy ដែលអ្នកមានករណីនេះមានកោសិកាកោន៤ប្រភេទ។ សត្វបក្សីនិងល្មូនមានកោសិកាកោន៤ ដែលអាចអោយសត្វទាំងនេះមើលឃើញដល់អុីនហ្រ្វារ៉េដ (Infrared) និងកាំរស្មីអ៊ុលត្រា UV។ ចំណែកឯមនុស្សដែលមានកោសិកាកោន៤ប្រភេទវិញមិនអាចមើលឃើញទៅដល់កម្រិតនោះឡើយ ប៉ុន្តែកោសិកាកោនបន្ថែមមួយទៀតនោះគឺកាន់តែរួសទៅនឹងរលកពណ៌រវាងក្រហមនិងបៃតង។ ហេតុដូចនេះ ពួកគេមើលឃើញពណ៌កាន់តែច្រើនជាងមនុស្សធម្មតាទៀត។ ករណីនេះកើតមានឡើងចំពោះតែស្រ្តីតែប៉ុណ្ណោះ។
(Credit: BBC Future)
ចុះសម្រាប់អ្នកដែលមានកោសិកាកោន៣ប្រភេទ ដែលមានដំណើរការប្រក្រតី តើពួកគេឃើញពណ៌ដូចគ្នាបេះបិទមែនឬ? សំណួរនេះមើលទៅដូចជាស្រួលឆ្លើយទេ។ ផ្លែប៉ោមមានពណ៌ក្រហម មេឃពណ៌ខៀវ ស្លឹករុក្ខជាតិពណ៌បៃតង -ល-។ យើងហៅឈ្មោះពណ៌ដូចគ្នា អញ្ចឹងយើងប្រហែលជាឃើញពណ៌ដូចគ្នាមែនហើយ។ ប៉ុន្តែយើងអាចគិតបែបនេះដោយជាក់ច្បាស់ដែរឬទេ? យើងមិនអាចមើលពណ៌ទាំងឡាយពីកែវភ្នែករបស់អ្នកដទៃបានទេ។ បន្ថែមពីលើនេះ យើងមិនអាចពណ៌នាអំពីពណ៌ដែលយើងឃើញអោយបានក្បោះក្បាយនោះឡើយ។ ស្រមៃថាអ្នកត្រូវគេអោយពណ៌នាអំពីពណ៌ដែលអ្នកឃើញទៅកាន់មនុស្សខ្វាក់ភ្នែកតាំងពីកំណើត។ តើអ្នកអាចធ្វើបានដែរឬទេ? ប្រហែលជាពិបាកខ្លាំងហើយមែនទេ?
ម្យ៉ាងទៀត មនុស្សម្នាក់ៗសុទ្ធតែមានសែននិងការបញ្ចេញលក្ខណៈនៃសែនខុសគ្នា។ សូម្បីតែកូនភ្លោះក៌មិនមានសែនដូចគ្នាបេះបិទនោះដែរ។ ហេតុដូចនេះ ខួរក្បាលយើងក៌អាចមានភាពខុសគ្នាខ្លះៗផងដែរ។ ជាក់ស្តែង យើងមិនអាចរកមនុស្សពីរនាក់ដែលមានលក្ខណៈដូចគ្នា១០០%បានទេ។ បើយើងគិតពីកោសិកាកោនរបស់យើងវិញ វាក៌អាចមានភាពខុសគ្នាបន្តិចបន្តួចផងដែរ ទាក់ទងនឹងកម្រិតដែលវារួសនឹងពន្លឺ។ ណឺរ៉ូនដែលបម្លែងព័ត៌មានទៅជារូបភាពក៏អាចមានលក្ខណៈខុសគ្នា ដូច្នេះយើងក៏អាចសន្មត់ដែរថា មនុស្សម្នាក់ៗប្រហែលជាមើលឃើញពណ៌មិនដូចគ្នានោះទេ គ្រាន់តែស្រដៀងគ្នា។
យ៉ាងណាក៏ដោយ នេះមិនទាន់ជាអ្វីដែលគេអាចរកឃើញអោយជាក់ច្បាស់នោះឡើយ។ ប្រហែលជាទៅមុខទៅ ភាសារបស់យើងអាចពណ៌នាអោយច្បាស់លាស់អំពីពណ៌ក្នុងចក្ខុវិញ្ញាណរបស់យើង ដើម្បីអោយយើងអាចប្រៀបធៀបពណ៌ដែលយើងឃើញជាមួយគ្នា។ ប៉ុន្តែសម្រាប់ពេលនេះ លក្ខណៈដែលយើងមើលឃើញពណ៌គឺមានតែយើងម្នាក់គត់ដែលអាចដឹងបាន។ ទោះជាយ៉ាងនេះក្តី យើងអាចប្រាស័យទាក់ទងគ្នាដោយមានប្រសិទ្ធភាពបាន និងអាចមើលឃើញថាផ្លែប៉ោមនោះគួរអោយចង់ញុាំដូចគ្នា។
អត្ថបទដោយ៖ ហេង សុរីតា
អត្ថបទដោយ៖ ហេង សុរីតា
No comments