Breaking News

ធ្លាប់​មាន​ស្នេហា​ហើយ​ខូច​ចិត្ត​ និង​មិន​ធ្លាប់​មាន​ស្នេហា​សោះ​ មួយ​ណា​ល្អ​ជាង​???​

កើតមកជាមនុស្ស គ្មាននរណាម្នាក់អាចគេចផុតពីដំណាក់កាលនៃសេចក្តីស្នេហានេះឡើយ។ ហេតុផលងាយៗគឺព្រោះតែយើងកើតមកពីសេចក្តីស្នេហារបស់ឪពុកនិងម្តាយរបស់យើងនោះឯង​ ទើបគ្មាននរណាម្នាក់អាចប្រាកដឬបញ្ជាអារម្មណ៍ខ្លួនឯង កុំឲ្យចេះស្រលាញ់ និង កុំឲ្យធ្លាក់ក្នុងអន្លង់នៃសេចក្តីស្នេហាបានឡើយ។
Photo credit: Emotional SMS

មានទស្សនៈខ្លះលើកឡើងថា បើមានស្នេហាហើយខូចចិត្តព្រោះតែការបែកគ្នាដោយមូលហេតុអ្វីមួយដដែល ស៊ូកុំមានស្នេហាវិញ ប្រហែលជាប្រសើរជាង ព្រោះមិនចាំបាច់ចំណាយពេលវេលាទៅឈឺចាប់ និង មិនចាំបាច់ឲ្យជីវិតដែលធ្លាប់តែសុខសាន្ត ប្រែជាប្រេះស្រាំដោយសារតែវត្តមានរបស់មនុស្សម្នាក់ចូលមក ហើយចាកចេញទៅ។

វាមិនមែនជារឿងដែលត្រូវបែងចែកថា​មួយណាល្អជាងមួយណានោះទេ ក្នុងការដែលមានស្នេហាហើយបែកបាក់ និង ការដែលមិនធ្លាប់មានស្នេហាសោះ។ ត្រូវចាំថា លើលោកនេះ គ្មានអ្វីអាចបំពេញចិត្តមនុស្សត្រូវនោះទេ។ ពេលមិនមានស្នេហា ក៏តាំងមានអារម្មណ៍ថាឯកា មើលទៅអ្នកណាៗក៏គេមានគូ មានសេចក្តីសុខ ហើយដល់ពេលដែលមានស្នេហាហើយបាត់បង់ទៅវិញ តាំងមានអារម្មណ៍ថា មិនគួរមានស្នេហាសោះ មិនអញ្ចឹងក៏មិនត្រូវមកកើតទុក្ខ ពិបាកវេទនាដូចជាពេលនេះដែរ។

ជឿទៅថា គ្រប់មនុស្សទាំងអស់ត្រូវតែឆ្លងកាត់នូវដំណាក់កាលសេចក្តីស្នេហានេះ គ្រាន់តែអ្នកខ្លះសំណាងល្អ មិនធ្លាប់ឆ្លងកាត់នូវដំណាក់កាលខូចចិត្តប៉ុណ្ណោះឯង។ បែបនេះក្តី ចូរអ្នកដែលកំពុងតែខូចចិត្តនិងឈឺចាប់ព្រោះតែរឿងស្នេហាទាំងឡាយ កុំមានអារម្មណ៍ថា​ពិភពលោកនឹងរលាយសាបសូន្យនៅថ្ងៃស្អែកអី។ ជាការពិត ការឈឺចាប់ព្រោះតែស្នេហានេះ វាមិនមែនជារឿងដែលអាចថាបំភ្លេចនិងជាសះស្បើយបានក្នុងពេលមួយថ្ងៃនោះទេ ចំពោះអ្នកដែលធ្លាប់ឆ្លងកាត់ ប្រាកដជាអាចដឹងបានយ៉ាងច្បាស់ថា វាពិបាកកម្រិតណា។ 

យ៉ាងណាក៏ដោយ ចូរចាំថា លើលោកនេះ គ្មាននរណាស្រលាញ់អ្នកជាងខ្លួនឯងទេ។ ចូរធ្វើអ្វីដើម្បីខ្លួនឯងឲ្យច្រើនៗឡើង និង ចូរសម្លឹងពិភពលោកក្នុងផ្លូវវិជ្ជមានជាងនេះ ចំពោះអ្នកដែលគិតថា ស៊ូជ្រើសយកការនៅម្នាក់ឯង មិនមានស្នេហាវិញ ប្រសើរជាងមានស្នេហាហើយត្រូវមកឈឺចាប់ ចំណាយពេលរាប់ខែឬរាប់ឆ្នាំ ទម្រាំបានត្រលប់ទៅជាប្រក្រតីឡើងវិញ៕

អត្ថបទដោយ៖ សន ឆវីវតី

No comments