Breaking News

ឈ្លោះគ្នាច្រើន! ធ្វើម៉េចបានឆាប់ត្រូវគ្នាវិញ?

ចាន​ក្នុង​រាវ​តែង​តែ​ប៉ះ​ទង្គិច​គ្នា​។​​​​​​​​​​​ ពាក្យ​ស្លោក​នេះ​ពិត​ជា​ត្រឹម​ត្រូវ​បើ​យើង​ប្រៀប​ធៀប​ជា​មួយ​នឹង​ជីវិត​រស់​នៅ​ពិតៗ​របស់​មនុស្ស​គ្រប់​គ្នា​។ ដូច​ជា​បាន​ដឹង​ស្រាប់​ហើយ​ថា​ទោះ​បី​ជា​មនុស្ស​ស្រ​លាញ់​គ្នាប៉ុណ្ណាក៏​ដោយ​នៅ​តែ​ជៀស​មិន​ផុត​ពី​ការ​ឈ្លោះ​គ្នា​ ឬ​មាន​បញ្ហា​អ្វីមួយ​កើត​ឡើង​ធ្វើ​ឲ្យ​មាន​ការ​ប្រះ​ស្រាំ​ ឬ​អាក់​អន់​ស្រពន់​ចិត្ត​រវាង​គ្នា​នោះ​ទេ​។ ទោះ​បី​ជា​មិន​អាច​ជៀស​ផុត​ពី​បញ្ហា​ដែល​ឈឺ​ក្បាល​ទាំង​នេះ​ក្ដី​ ដំ​ណោះ​ស្រាយ​នៅ​តែ​មាន​ដែល​អាច​ជួយ​ឲ្យទំ​នាក់​ទំនង​របស់​អ្នក​វិល​រក​សភាព​ផ្អែម​ល្អូក​ល្អឺន​ដូច​ធម្មតា​វិញ​។ អត្ថ​បទ​នេះ​នឹង​បញ្ជាក់​ប្រាប់​អ្នក​ពី​មធ្យោបាយ​ងាយៗ​ ​៤​យ៉ាង​ដែល​អាច​ព្យា​បាល​ទំ​នាក់​ទំ​នង​របស់​អ្នក​បាន​៖



១. ស្វែងយល់ឲ្យច្បាស់ពីបញ្ហា
ក្នុងដំណាក់កាលដំបូងនេះមានសារៈសំខាន់ណាស់ដែលតម្រូវឲ្យដឹងច្បាស់ពីមូលហេតុដែលបង្កឲ្យមានភាពល្អក់ករករក្នុងជិវិតស្នេហារបស់អ្នកទាំងពីរ។​ បន្ទាប់ពីដឹងពីមូលហេតុច្បាស់លាស់ហើយនោះអ្វីដែលត្រូវធ្វើគឺលើកយកវាមកពិភាក្សាជាមួយដៃគូររបស់អ្នកដោយបញ្ជាក់ប្រាប់នាងឬគាត់ថា ទំនាក់ទំនងស្នេហារវាងអ្នកទាំងពីរកំពុងតែមានរឿងមិនល្អកើតឡើង​ ហើយត្រូវបញ្ជាក់ឲ្យច្បាស់លាស់ពីមូលហេតុ ប៉ុន្តែមិនត្រូវធ្វើវាដោយកំហឹងនោះទេ។ ចំណុចដែលត្រូវជៀសវាងបំផុតនោះគឺថា មិនត្រូវស្ដីបន្ទោស រឺទំលាក់កំហុសដាក់គ្នាទៅវិញទៅមកនោះទេ ព្រោះថាការធ្វើបែបនេះនឹងមិនមានប្រយោជន៍សម្រាប់ការផ្សះផ្សារទំនាក់ទំនងទេ តែវានឹងធ្វើឲ្យបញ្ហាកាន់តែរីកធំឡើងៗទៅវិញ។

២. ស្វែងរកវិធីដោះស្រាយដែលប្រសើរ
ពេលដឹងថាមានបញ្ហាកើតឡើងភ្លាមៗ មិនត្រូវទុកវាចោលមិនអើពើនោះទេ ទោះបីវាគ្រាន់តែជាបញ្ហាតូចតាចមួយក៏ដោយ។ ការបណ្តែតបណ្ដោយមិនគិតគូរពីបញ្ហាតូចៗទាំងនេះហើយដែលអាចបង្ករទៅជារឿងធំបាន។ ដល់ដំណាក់កាលពិភាក្សាស្វែងរកដំណោះស្រាយនេះត្រូវធ្វើយ៉ាងណាជៀសឲ្យបានពីកំហឹងក្នុងខ្លួន ព្រោះថាការខឹងអាចធ្វើឲ្យបញ្ហាកាន់តែវិវត្ត និងមិនរកបានមធ្យោបាយណាមួយឡើយ។ បែបនេះហើយត្រូវតែទុកពេលវេលាខ្លះសម្រាក ឬធ្វើយ៉ាងណារំសាយកំហឹងឲ្យអស់សិនចាំមកពិភាក្សាគ្នាស្វែងរកមធ្យាបាយម្ដងទៀត ហើយវាកាន់តែប្រសើរដែលត្រូវតែស្ដាប់ពីយោបល់របស់ដៃគូរអ្នកដោយការគោរពឲ្យតម្លៃនិងយកចិត្តទុកដាក់ជាទីបំផុតនិងមិនត្រូវគាស់កកាយរឿងចាស់ៗមកលាយឡំគ្នានោះទេ។ លើសពីនេះត្រូវតែព្យាយាមស្វែងរកមធ្យោបាយដើម្បីសម្របសម្រួល ដោយកត់ចាំក្នុងចិត្តថាអ្វីដែលសំខាន់នោះគឺចំណងស្នេហារបស់អ្នកមិនមែនការចង់ឈ្នះរៀងៗខ្លួននោះទេ។

៣. ចាប់ផ្ដើមទំនាក់ទំនងសារជាថ្មីម្ដងទៀត
បន្ទាប់ពីរកឃើញនូវមធ្យោបាយដើម្បីដោះស្រាយបញ្ហារួចរាល់ហើយនោះអ្វីដែលត្រូវធ្វើគឺថាឲ្យតម្លៃទៅលើទំនាក់ទំនងស្នេហារបស់អ្នកខ្លាំងជាមុន ដោយធ្វើយ៉ាងណាចាត់ទុកវាជាកាតព្វកិច្ចដែលត្រូវបំពេញរួមគ្នាដើម្បីទទួលបានស្នេហាដែលជោគជ័យមួយ។ ក្រៅពីនេះត្រូវចេះឲ្យតម្លៃទៅគ្នាទៅវិញទៅមកដោយការគោរព និងព្យាយាមចំណាយពេលនៅពីរនាក់ជាមួយគ្នាឲ្យបានកាន់តែច្រើនជាងពេលមុន ដើម្បីសិក្សាឲ្យបានកាន់តែច្បាស់ពីជម្រៅចិត្តរបស់ដៃគូរអ្នក។ អ្វីដែលមិនត្រូវភ្លេចធ្វើនោះគឺ ត្រូវតែបង្ហាញនូវអាកប្បកិរិយាយកចិត្តទុកដាក់និងការពារចំពោះមនុស្សជាទីស្រលាញ់របស់អ្នក ដោយអាចធ្វើបានតាមរយៈការកាន់ដៃរបស់នាង ឬគាត់ជាដើមដែលវាអាចធ្វើឲ្យភាគីទាំងសងខាងមានភាពកក់ក្ដៅចំពោះស្នេហាមួយនេះ។

៤. សម្រេចចិត្តថាធ្វើឲ្យស្នេហាមួយនេះដំណើរការទៅមុខយ៉ាងដូចម្ដេច
ដំណាក់កាលចុងក្រោនេះអ្វីដែលត្រូវធ្វើគឺថាអ្នកនិងដៃគូរបស់អ្នកត្រូវតែមានផែនការណាមួយច្បាស់លាស់សម្រាប់បញ្ហាដែលធ្លាប់បានជួបប្រទះនាពេលកន្លងទៅនិងអ្វីៗដែលអ្នកទាំងពីរបានឯកភាពរួមគ្នា។ ពេលមានផែនការច្បាស់លាស់សម្រាប់ទំនាក់ទំនងរួចហើយ អ្នកទាំងពីរត្រូវធ្វើយ៉ាងណាបំពេញតាមផែនការមួយនោះឲ្យបាន។ ក្រៅពីនេះអ្វីដែលត្រូវធ្វើបន្ថែមទៀតនោះគឺការគោរពចំពោះសេចក្ដីត្រូវការរបស់ភាគីម្ខាងទៀតដោយចេះអត់អោនឲ្យគ្នាជានិច្ច។ ប៉ុន្តែបើសិនជាអ្នកមិនអាចដោះស្រាយបញ្ហាទាំងអស់ឲ្យបានប្រសើរទេនោះ អ្នកត្រូវតែរកការជួយពិខាងក្រៅដែលអាចជាគ្រួសាររបស់អ្នក មិត្តជិតស្និទ្ធឬអ្នកជំនាញខាងដោះស្រាយបញ្ហាដើម្បីទទួលបាននូវគំនិត មធ្យោបាយថ្មីៗ ដើម្បីចំណងភាពស្នេហារបស់អ្នកកាន់តែរឹងមាំ។ 


អត្ថបទដោយ ៖ ប៉ោ គីមហុក

No comments