កុំសោកស្តាយពេលបាត់បង់ បើសិនពេលនៅក្បែរមិនចេះថែរក្សា
មានមនុស្សជាច្រើនណាស់ ដែលមើលរំលងមនុស្សសំខាន់នៅក្បែរខ្លួន ហើយពេលដែលបាត់បង់មនុស្សសំខាន់នោះដោយភាពល្ងង់ខ្លៅ និង មិនយកចិត្តទុកដាក់របស់ខ្លួន តាំងតែមានអារម្មណ៍ថាស្តាយក្រោយ។ ភាពស្តាយក្រោយអ្នកណាក៏ចេះមានដែរ ប៉ុន្តែត្រូវដឹងថា បើសិនជាអ្នកមកស្តាយក្រោយពេលដែលបាត់បង់មនុស្សសំខាន់នៅពេលនេះ ម៉េចក៏ពេលដែលមានគេឬនាងនៅក្បែរ អ្នកមិនចេះថែរក្សា???
Photo Credit: Stock Clip |
ជាការពិត អតីតកាលជារឿងដែលមិនអាចកែប្រែបានឡើយ ប៉ុន្តែត្រូវដឹងថា អ្នកគឺជាមនុស្សតែម្នាក់គត់ដែលសាងអតីតកាលឲ្យកើតឡើង មិនមែនអ្នកណាមកជំរុញ ឬមកនិយាយប្រាប់ឲ្យអ្នកធ្វើឯណា។ ដូច្នេះហើយ កុំមកសោកស្តាយ ហើយពោលពាក្យថា មិនគួរធ្វើបែបនេះ មិនគួរធ្វើបែបនោះ គួរតែធ្វើអញ្ចេះ អញ្ចុះវិញ ល។ល
ត្រូវចាំថា មុននឹងមនុស្សម្នាក់នោះដើរចេញពីអ្នក គេឬនាងទ្រាំឆ្អែតឆ្អន់អស់ហើយ ទ្រាំកុហកខ្លួនឯងទាំងល្ងិតល្ងង់គ្រប់យ៉ាងថា មិនអីទេ គ្រប់យ៉ាងនឹងប្រសើរឡើង អ្នកនឹងត្រលប់មកល្អជាមួយនឹងគេឬនាងវិញ...។ អ្នកណាទៅដឹងទៅ ការទ្រាំរបស់មនុស្សវាមានដែនកំណត់ កែវដែលប្រេះបែកបន្តិចៗ គេអាចយកទៅបិទ ឬយកទៅផ្លុំឲ្យវាជាប់គ្នា ទោះមិនបានល្អក៏វាគ្រាន់បើជាងទុកឲ្យវាប្រេះស្រាំដែរ ប៉ុន្តែប្រសិនបើកែវដែលយកទៅបិទដោយមនុស្សតែម្នាក់ តែមនុស្សម្នាក់ទៀតព្យាយាមវាយបំបែកគ្រប់ពេលវេលា ដោយមិនដឹងខ្លួនក្តី ដោយដឹងខ្លួនក្តី ប្រាកដណាស់ថា គ្មានព្រះឯណាមកប្រោសឲ្យកែវផ្គុំជាប់គ្នាបានទេ ព្រោះបំណែកតូចៗវាច្រើនពេកហើយ ច្រើនរហូតមិនដឹងថា ថ្ងៃណាខែណាទើបផ្គុំអស់។ ម្ល៉ោះហើយ ជម្រើសដែលល្អមានតែគ្រវាត់វាចោលតែប៉ុណ្ណោះ។
នេះជាការប្រដូចទៅនឹងស្នេហាដែលប្រេះស្រាំដល់ដំណាក់កាលដែលស្រោចស្រង់មិនបាន... ហើយត្រូវដឹងថា ការប្រេះស្រាំនេះ គឺអ្នកជាអ្នកបង្កឡើង អ្នកជាអ្នកវាយកែវនេះឲ្យប្រេះបន្តិចម្តងៗពីមួយថ្ងៃទៅថ្ងៃ ទាំងដែលគេឬនាងព្យាយាមជានិច្ចក្នុងការបិទវា... ប៉ុន្តែគ្រប់យ៉ាងមានថ្ងៃកំណត់របស់វាជានិច្ច។
មិនចាំបាច់ស្តាយក្រោយទេ ប្រសិនបើពេលដែលមានមនុស្សម្នាក់នោះដើរចេញពីអ្នក ព្រោះគេឬនាងធ្លាប់បានស្រលាញ់អ្នក បារម្ភពីអ្នក ខ្វល់ខ្វាយពីអ្នកច្រើនលើសលុប និងចង់បានការយកចិត្តទុកដាក់ពីអ្នកឲ្យដូចគ្រាដំបូងដែលអ្នកសន្យា ឬស្បថស្បែ ដែលគិតមកទល់ពេលនេះវាគ្មានន័យអ្វីទាល់តែសោះនោះ។
បើសិនជាមិនចង់ស្តាយក្រោយពេលដែលបាត់បង់អ្នកណាម្នាក់ទេ ត្រូវភ្ញាក់ដឹងខ្លួនពីថ្ងៃនេះឡើង ចូរសម្លឹងចូលទៅកែវភ្នែកមនុស្សម្នាក់នោះ ហើយអ្នកនឹងមើលឃើញថា ក្នុងកែវភ្នែករបស់គេឬនាងនៅតែមានរូបអ្នកជានិច្ច កុំចាំឲ្យពេលដែលរូបភាពរបស់អ្នកនឹងរលាយបាត់ទៅដោយសារតែទង្វើរបស់អ្នកឲ្យសោះ ពេលនោះពាក្យស្តាយក្រោយវាគ្មានន័យអ្វីឡើយ៕
អត្ថបទដោយ៖ សន ឆវីវតី
No comments