Breaking News

វិ​ធី​សាស្រ្តងាយ​ៗ​ក្នុង​ការ​ថែ​ទាំ​សុខ​ភាព​ភ្នែក​

សុខ​ភាព​ភ្នែក​មាន​សារៈ​សំ​ខាន់​ខ្លាំង​បំផុត​​​សម្រាប់​មនុស្ស​គ្រប់​គ្នា ​ព្រោះ​ថា​កែវ​ភ្នែក​ប្រៀប​ដូច​ជាបង្អួច​ដើម្បី​ឆ្លុះ​បញ្ចាំង​ទៅ​កាន់​ពិភព​លោក​។ បែប​នេះ​ហើយ​ មនុស្ស​គ្រប់​រូប​ទាំង​ចាស់​ទាំង​ក្មេង​ត្រូវ​តែថែ​ទាំ​វា​ឲ្យ​មាន​សុខ​ភាព​ល្អ​ជា​និច្ច​។ អត្ថបទ​នេះ​នឹង​បង្ហាញ​ពី​វិធី​ងាយៗ​៣​យ៉ាង​ដែល​អាច​ជួយ​ឲ្យ​ភ្នែក​របស់​អ្នក​នៅ​តែ​មាន​សុខ​ភាព​ល្អ​៖

 

១. អនុវត្តទម្លាប់ល្អដែលជួយដល់សុខភាពភ្នែក
ទម្លាប់ល្អៗដែលអ្នកគ្រប់គ្នាត្រូវតែអនុវត្តនោះមានដូចជា ការទៅជួបពិគ្រោះជាមួយគ្រូពេទ្យភ្នែកឲ្យបានទៀងទាត់ដើម្បីធានាបាននូវសុខភាពល្អ។ ចំពោះអ្នកដែលប្រើប្រាស់ Contact Lenses វិញមិនត្រូវពាក់វាឲ្យលើសរយៈពេល១៩ម៉ោងក្នុងមួយថ្ងៃនោះទេ ហើយក៏មិនត្រូវពាក់វាពេលគេងផងដែរ។ ចំណែកឯស្រ្តីមួយចំនួនដែលចូលចិត្តប្រើប្រាស់គ្រឿងតុបតែងនៅបរិវេណភ្នែកនោះត្រូវលាងសម្អាតវាជាដាច់ខាតមុនរាល់ពេលចូលសម្រាក ដើម្បីជៀសវាងការជ្រាបចូលដែលអាចប៉ះពាល់ដល់កែវភ្នែក។ ក្រៅពីនេះក៏ទាមទារឲ្យមនុស្សគ្រប់រូប ប្រើប្រាស់ថ្នាំបន្តក់ភ្នែកផងដែរនៅពេលដែលមានបញ្ហាដូចជាការរមាស់ជាដើម។ ប៉ុន្តែអ្នកមិនត្រូវប្រើប្រាស់ថ្នាំប្រភេទនេះជារៀងរាល់ថ្ងៃនោះទេ ព្រោះវានឹងបង្កជាបញ្ហាទៅវិញ។ ទម្លាប់ដែលចាំបាច់ដែលនោះគឺថា ត្រូវតែពាក់វ៉ែនតាឲ្យបានជាប់លាប់ដើម្បីការពារទៅនឹងកាំរស្មី UV ឬក៏សារធាតុគីមីផ្សេងៗជាដើម។ លើសពីនេះទៅទៀតនោះគឺតម្រូវឲ្យមានការហាត់ប្រាណឲ្យបានទៀងទាត់ គេងបានគ្រប់គ្រាន់ និងប្រើប្រាស់ចំនិតត្រសក់ត្រជាក់ៗមកបិទលើត្របកភ្នែករាល់ពេលមុនចូលគេងប្រមាណជា១០ទៅ១៥នាទី ដើម្បីការពារនិងព្យាបាលការហើមត្របកភ្នែក។


២. ការពារភ្នែករបស់អ្នករាល់ពេលប្រើប្រាស់កំព្យូរទ័រ
ចំណុចនេះទាមទារឲ្យមានការកំណត់ពេលច្បាស់លាស់ក្នុងការសម្លឹងមើលកញ្ចក់ ទូរស័ព្ទ ឬកំព្យូទ័រជាដើម ព្រោះថាការសម្លឹងមើលរបស់ទាំងនេះក្នុងរយៈពេលយូរនឹងធ្វើឲ្យភ្នែករបស់អ្នកមានសភាពស្ងួតនិងបញ្ហាផ្សេងៗទៀត។ ប៉ុន្តែវាពិបាកណាស់សម្រាប់មនុស្សចំនួនដែលត្រូវតែប្រើប្រាស់កំព្យូទ័រជាប្រចាំក្នុងរយៈពេលយូរនោះ។ បែបនេះហើយមានវិធីផ្សេងទៀតៗដែលអាចជួយដល់មនុស្សប្រើប្រាស់កុំព្យូទ័រជាប្រចាំបាន ដោយតម្រូវឲ្យដាក់កំព្យូទ័រនៅកន្លែងណាមួយដែលអាចជួយឲ្យអ្នកសម្លឹងមើលបានងាយស្រួលចំពីមុខ ដោយមិនចាំបាច់ប្រឹងសម្លឹងមើលលើក្រោមៗនោះទេ។ ផ្សេងពីនេះទាមទារឲ្យអ្នកប្រើប្រាស់កុំព្យូទ័រព្រិចភ្នែកឲ្យបានញឹកញាប់រាល់រយៈពេល៣០វិនាទីម្ដង ព្រោះថាបើមិនធ្វើបែបនេះទេភ្នែករបស់អ្នកនឹងមានសភាពស្ងួតជាក់ជាមិនខាន។ លើសពីនេះវារឹតតែចាំបាច់ដែលត្រូវសម្រាករាល់ពេលប្រើប្រាស់កំព្យូទ័របានរយៈពេល២០នាទីម្ដង ដោយត្រូវក្រឡេកមើលអ្វីផ្សេងឲ្យបានរយៈពេលយ៉ាងហោចណាស់២០វិនាទី។ ចំណុចមួយទៀតនោះគឺមិនត្រូវអានសៀវភៅនៅកន្លែងងងឹតនោះទេ។ រាល់ការអានសៀវភៅ រឺក៏ធ្វើការអ្វីផ្សេងៗនោះត្រូវតែធ្វើឡើងនៅកន្លែងដែលមានពន្លឺគ្រប់គ្រាន់។

៣. ការបរិភោគអាហារដែលជួយដល់សុខភាពភ្នែក
ចំណុចចុងក្រោយនេះទាមទារឲ្យមនុស្សគ្រប់គ្នា បរិភោគរាល់របបអាហារណាដែលជួយដល់សុខភាពភ្នែក ព្រោះថាប្រភេទអាហារមួយចំនួនមិនមានសារៈសំខាន់ដល់ភ្នែកនោះទេ។ រាប់បញ្ចូលទាំងសាច់ បន្លែ ផ្លែឈើមួយចំនួនសុទ្ធតែជាជំនួយដល់កែវភ្នែកបាន។ ភ្នែកទាមទារជាចាំបាច់នូវសារធាតុសំខាន់ៗមួយចំនួនដូចជា វីតាមីន C វីតាមីន E ជាតិសង្ខ័សី ជាតិ Lutein ជាតិ Zeaxanthin និងអាស៊ីតខ្លាញ់ Omega 3 ជាដើម។ សារជាតិទាំងនេះមានផ្ទុកក្នុងសាច់ជ្រូក សាច់គោ សណ្ដែកដី ផ្លែក្រូច ផ្លែស្រ្តប៊ែរី ខាត់ណាខៀវ ការ៉ុត ប្រភេទត្រីសាម៉ុងនិងនៅក្នុងប្រភេទបន្លែ ផ្លែឈើជាច្រើនមុខផ្សេងទៀត។

ប្រភព៖ WikiHow
អត្ថបទដោយ៖ ប៉ោ គឹមហុក

No comments