Breaking News

មិន​គួរ​មើល​រំលង​! យក​ឈ្នះ​ភាព​បរាជ័យ​ដោយ​វិធី​ទាំង​នេះ

មនុស្សគ្រប់រូបតែងតែធ្លាប់បានឆ្លងកាត់រឿងរ៉ាវផ្សេងៗគ្នានៅក្នុងឆាកជីវិត​ ហើយនៅក្នុងនោះពេលខ្លះវាជា​ភាពជោគជ័យ ហើយពេលខ្លះទៀតវាភាពបរាជ័យ។​​ មានភាពជោគជ័យច្រើននៅក្នុងជីវិតជារឿងដ៏ល្អជាទីបំផុតដែលមនុស្សម្នាក់ៗតែងតែប្រាថ្នាចង់បាន ដោយឡែកបរាជ័យវិញបានក្លាយជារឿងដ៏គួរអោយខ្លាចដែលបានផ្តល់ជារបួស និង​ការឈឺចាប់ ដែលតែងតែរារាំងដល់អ្វីផ្សេងទៀតដែលពួកគេចង់ធ្វើនាពេលអនាគត​ ដោយសារតែគិតថាខ្លាចភាពបរាជ័យកើតមានឡើងម្តងទៀត។ 


មែនទែនទៅ បរាជ័យវាជារឿងមួយដែលគួរអោយខ្លាច ក៏ប៉ុន្តែអ្នក​មិនគួរអោយវាក្លាយទៅជាស្រមោលអន្ទោងតាមប្រាណ ហើយបង្កជាឧបសគ្គនៅក្នុងបោះជំហានជីវិតរបស់អ្នកទៅកាន់មួយកម្រិតទៀតដែរ។ ខាងក្រោមនេះគឺជាគន្លឹះមួយចំនួនដែលមានប្រសិទ្ធភាពក្នុងការយកឈ្នះភាពបរាជ័យ​ ៖

. សូមទុកអតីតកាលដែលឈឺចាប់ទុកមួយឡែក
ការពិតទៅមិនមែននិយាយថាចង់ភ្លេច ចេះតែបំភ្លេចបាននោះទេ។ ប៉ុន្តែចង់សួរថា ប្រសិនបើអ្នកអនុញ្ញាតអោយអតីតកាលដ៏ឈឺចាប់នោះ នៅតែដិតដាមក្នុងអារម្មណ៍ តើអ្នកទទួលបានអ្វីមកវិញ???​ ចម្លើយគឺគ្មានបានអ្វីទាំងអស់។ ដូចនេះហើយ សូមចំនាយពេលវេលារបស់អ្នកដើម្បីលើកទឹកចិត្តខ្លូនឯង ពីព្រោះថានៅមានអ្វីជាច្រើនទៀតដែលពិសេស ហើយមានតម្លៃកំពុងតែរង់ចាំអ្នកដើម្បីនឹងទទួលបាន។

. សូមក្រឡេកមើលទៅអនាគតកាលដ៏ស្រស់ថ្លាកំពុងតែរង់ចាំអ្នក
ពេលខ្លះ មិនសំខាន់អ្នកធ្លាប់ដួលប៉ុន្មានដងនោះទេ តែអ្វីដែលសំខាន់គឹអ្នកត្រូវតែងើបឈរហើយដើរទៅមុខ។ មួយវិញទៀត ពាក្យចាស់ពោលថា «ពេលវេលាគឺជាមាសប្រាក់» ប៉ុន្តែប្រសិនបើពិចារណាអោយយូរជាងនេះទៅទៀត ពេលវេលាមានតម្លៃលើសជាងមាសប្រាក់ទៅទៀត។​​ ក្នុងរយៈពេលត្រឹមតែ ១ម៉ោង អ្នកអាចធ្វើអ្វីដែលមានប្រយោជន៏បានជាច្រើន។​ មែនទែនទៅ អ្នកអាចយកភាពបរាជ័យរបស់អ្នកមកសរសេរចុះ ហើយគិតពិចារណាអំពីអ្វីដែលអ្នករៀនសូត្រពីភាពបរាជ័យនេះ បន្ទាប់មកធ្វើវាអោយបានល្អជាងមុន។ ពីភាពបរាជ័យដែលឈឺចាប់ ហើយភ្លេចមិនបាន មានអ្នកខ្លួនឯងប៉ុណ្ណោះដែលអាចផ្លាស់ប្តូរវាបាន។ ផ្លាស់ប្តូរបានទៅជាអនាគតដែលស្រស់បំព្រង និងពោរពេញដោយដោយភាពជោគជ័យ។

.ភាពអត់ធ្មត់ដើរតួជាគន្លឹះមួយដ៏សំខាន់បំផុត
នៅពេលដែលអ្នកមានបញ្ហាឬ ការបរាជ័យ ការដែលព្យាយាមប្រាប់ខ្លួនអោយអោយសម្រាក វាប្រៀបដូចជា«​អូសឬស្សីបញ្រ្ចាសចុង​នោះឯង»។​ អ្នកណាក៏ដូចជាអ្នកណាដែល​ ទាំងគេទាំងយើង នៅពេលដែលមានបញ្ហាមកដល់មនុស្សម្នាក់ៗតែងតែមានភាពតប់ប្រមល់ និងមានភាពអន្ទះសារ ហើយចង់ដោះស្រាយបញ្ហាដែលមានចំពោះមុខទាំងអស់។ ធ្លាប់មានមនុស្សជាច្រើនបានសាកល្បងយកវិធីនេះ ប៉ុន្តែភាគច្រើនគឺគ្មានប្រសិទ្ធភាព។ គ្មានប្រសិទ្ធភាពដោយសារ​តែ អ្នកគិតមិនបានគ្រប់ជ្រុងជ្រោយ ហើយគ្រាន់តែចង់ដោះស្រាយអោយបានលឿន។​ ត្រូវដឹងថា​ បញ្ហាគឺត្រួវតែដោះស្រាយ ប៉ុន្តែមិនមែនចេះតែដោះស្រាយពេលណាក៏បាននោះទេ។ អ្នកត្រូវមានភាពអត់ធ្មត់ ហើយសម្រាកលំហែកាយតាមរបៀបដែលអ្នកចូលចិត្ត។ បន្ទាប់មក អង្គុយចុះហើយពិចារណាឡើងវិញ​ ទើបអ្នកមានអារម្មណ៍មូល ហើយអាចតម្រង់ចិត្តទៅលើដំណោះស្រាយ ដើម្បីអោយស្ថានភាព​ប្រែមកភាពល្អប្រសើរវិញបាន។ 


អត្ថបទដោយ៖ ព្រឿន​ បញ្ញារី

No comments