ចំណុចដែលគួរតែដឹងពី ‘ជំងឺបាក់ទឹកចិត្ត’ (Depression)
បើសិនជាខ្លួនអ្នកផ្ទាល់មិនធ្លាប់មានជំងឺនេះ អ្នកនឹងមិនដឹងថាវាលំបាកយ៉ាងណាទេទោះបីជាអ្នករស់នៅជាមួយអ្នកដែលមានជំងឺនេះក្តី ក៏មិនអាចយល់ពីអាការៈផ្ទាល់ដែរ។
មើលនឹងភ្នែកផ្ទាល់ពួកគេមិនមានអ្វីប្លែកពីអ្នកដទៃនោះទេ ប៉ុន្តែអ្វីដែលគួរអោយកត់សំគាល់គឺ ភាពក្រៀមក្រំដែលមាននៅលើទឹកមុខរបស់ពួកគេក្នុងរយៈពេលយូរ ឬធ្វើអ្វីខុសប្លែកដែលគួរអោយកត់សំគាល់។ ការពិតទៅជំងឺបាក់ទឹកចិត្តគឺមិនមែនសំដៅលើចំណុចជាក់លាក់មួយទេ វាមានបញ្ហាច្រើនណាស់ និងការដែលមិនយល់ពីវានោះឯង ។ គ្មាននរណាអាចបញ្ជាក់អោយបានច្បាស់ពី ឬសគល់របស់វា ការធ្វើទុក្ខរបស់វា និងពីមូលហេតុដែលវាខុសគ្នាសំរាប់មនុស្សម្នាក់ៗ ។ ដូច្នេះអ្វីដែលអាចនិយាយបានគឺ បញ្ហាមួយចំនួួនដែលទាល់តែអ្នកឆ្លងកាត់រាយរាប់ប្រាប់៖
Photo credit : Upworthy |
‘ជំងឺបាក់ទឹកចិត្ត’មិនមែនជាក្តីទុក្ខព្រួយនោះទេ
វាខុសគ្នាត្រង់ បើមិនសប្បាយចិត្ត ឬ ពិបាកចិត្តផ្សេងៗវាប៉ះពាល់ខ្លាំងលើសតិអារម្មណ៍ និងចិត្តមនុស្សយើង ប៉ុន្តែបើបាក់ទឹកចិត្តវិញប៉ះពាល់ដល់រាងកាយទាំងមូលតែម្តង ។ ពេលខ្លះវាធ្វើទុក្ខដល់ថ្នាក់មិនចង់ញាំុអី មិនចង់ក្រោក មិនចង់ដើរ និយាយរួមគឺមិនចង់ធ្វើអ្វីទាំងអស់ទោះជាសកម្មភាពទាំងនោះជាតម្រូវការប្រចាំថ្ងៃរបស់គេក្តី ។ វាពិបាកប៉ុណ្ណានៅពេលដែលត្រូវធ្វើអ្វី មួួយហើយខ្លួនប្រាណជំទាស់មិនធ្វើនោះ វាប្រៀបដូចការអូសឬស្សី បញ្ច្រាស់ចុងអញ្ចឹង ។
‘ជំងឺបាក់ទឹកចិត្ត’ ប្រៀបបានដូចការប្រកួតប្រជែងប្រចាំថ្ងៃ
ជំងឺបាក់ទឹកចិត្ត ជាអ្វីដែលយើងបើកភ្នែកពីដំនេកជាមួយ ។ វាមិនមែនមានន័យថា ជំងឺនេះកើតមានរាល់ថ្ងៃនេះ អាចនិយាយបានថាថ្ងៃនេះ ល្អជាងម្សិលមិញ មានអារម្មណ៍ធម្មតា រីករាយរួសរាយ ដែលអ្នកដទៃអាចសន្មត់ថាយើងមានអាការៈល្អឡើងវិញ ប៉ុន្តែវាមិនពិតនោះទេ ជំងឺបាក់ទឹកចិត្តគ្មានថ្ងៃកំណត់នោះទេ អាចថាថ្ងៃនេះល្អតែថ្ងៃស្អែកអាចនឹងដូចដើមវិញ ដែលអ្នកឆ្លងកាត់មិនអាចកំនត់បាន ។
‘ជំងឺបាក់ទឹកចិត្ត’មានភាពខុសគ្នាពីម្នាក់ទៅម្នាក់
សូម្បីអ្នកវិទ្យាសាស្រ្តក៏មិនដឹងថាអ្វី ដែលធ្វើអោយជំងឺនេះមានភាពខុសគ្នាពីម្នាក់ទៅម្នាក់ដែរ។ យ៉ាងណាមិញ គេប៉ាន់ស្មានថាវាអាចបណ្តាលមកពី ការខុសគ្នានូវបរិស្ថានជំុវិញខ្លូន ស្ថានភាពគ្រួសារ ខួរក្បាលរបស់ពួកគេ និងបញ្ហាដែលតែងជួបប្រទះរៀងខ្លួន។
ការបាក់ទឺកចិត្ត គឺមិនមែនត្រឹមតែមានទុក្ខព្រួយ និងមានថ្ងៃមិនល្អជាប់ៗគ្នានោះទេ វាពិបាកលើសនឹងទៀត ។ វាប្រៀបបានដូចមានឡានមកបុកចំខ្លួនប្រាណ មិនអាចធ្វើអ្វីកើតអញ្ចឹង ដែលពេលខ្លះមិនអាចទាំងបរិយាយវាបានទៀត ។
បើសិនជាវាជាជំរើសដែលគេអាចរើសបាន នឹងគ្មាននរណាព្រមរើសវានោះ ទេ ដូច្នេះអ្នករាល់គ្នាគួរយល់ពី អារម្មណ៍អ្នកដែលមានវិបត្តិនេះផង ព្រោះអ្នកមិនដឹងថាពួកគេលំបាកប៉ុណ្ណាក្នុងការគ្រប់គ្រងវានោះទេ ។ លើសពីនេះការយោគយល់របស់អ្នក ប្រហែលជាអាចជួយសំរួលអារម្មណ៍របស់ពួកគេបន្តិចដែរ ។
អត្ថបទដោយ៖ ហ៊ុន កែវលីដែត
No comments